មកស្គាល់សត្វទាំង១០ដែលខ្លាំងជាងគេបង្អស់លើលោក

August 10, 2017 03:29 PM 260

មួយណាខ្លាំងជាង? បើតាមការគិត តើលោកអ្នកគិតថាសត្វអ្វីដែលមានកំលាំងខ្លាំងជាង? ដំរី​ ឬខ្លា ឬក្រពើ? ប៉ុន្តែ មានរបស់ខ្លះតូចមែនតែខ្លឹម។ យើងជឿថា  មនុស្សជាច្រើនប្រាកដជាស្មានមិនដល់ពីចំលើយទេនៅពេលដឹងថាសត្វណាដែលខ្លាំងជាងគេបំផុតលើលោក។ តោះ! យើងមកមើលចំណាត់ថ្នាក់រាប់ពីពេល១០ទៅវិញ ហើយជ័យលាភីបានទៅលើ...

១០ ឥន្រ្ទី Eagle

ឥន្ទ្រីគឺជាសត្វស្លាបដែលខ្លាំងជាងគេបំផុតលើលោកទី១០ (ឬគេច្រើនហៅថាស្តេចបក្សី)។ ជើងរបស់ឥន្ទ្រីមានកំលាំងខ្លាំងក្លា ចំពុះដ៏ធំ និងមុតស្រួច។ ពួកគេអាចពាំចំណីដែលមានទំងន់ ៤ដង នៃទំងន់របស់ខ្លួន។ ឥន្ទ្រីជាសត្វដែលប្រម៉ាញ់កញ្ជ្រោង, ក្តាន់ និងឆ្មាព្រៃជាដើម។ ឥន្ទ្រីត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃអំណាច, សេរីភាព និងជ័យជំនះ។ ឥន្ទ្រីមាន ៦០ប្រភេទ ផ្សេងៗគ្នានៅលើលោក។ ជាមួយនឹងស្លាបដ៏រឹងមាំ និងធំពួកគេអាចហោះពីកំពស់ ១០.០០០ ទៅ ១៥.០០០ហ្វីត។ ពួកគេអាចហោះហើរបានច្រើនម៉ោងដោយមិនសំរាក។ ខុសពីសត្វស្លាបដទៃឥន្ទ្រីចូលចិត្តព្យុះព្រោះពួកគេប្រើកំលាំងខ្យល់ដើម្បីហោះកាន់តែខ្ពស់។ អ្នកប្រម៉ាញ់ដែលមិនចេះខ្លាចនេះក៏មានភ្នែកមុតមិនធម្មតាដែរ។ ពួកគេអាចមើលបានច្បាស់ជាងមនុស្ស។ ដូច្នេះ ពួកគេអាចមើលឃើញចំណីរបស់ខ្លួនពីចម្ងាយយ៉ាងងាយស្រួល។

៩ អាណាខន់ដា Anaconda

នៅលើលោកមានពស់ អាណាខន់ដា ចំនួន៤ប្រភេទ​។  អាណាខន់ដា ពណ៌បៃតង, អាណាខន់ដា ពណ៌លឿង, អាណាខន់ដា ក្រឡាអុជៗខ្មៅ និង អាណាខន់ដា បូលីវី។ អាណាខន់ដា  ពណ៌បៃតង ជាសត្វពស់ដែលធំ និងធ្ងន់ជាងគេបង្អស់លើលោក។ អាណាខន់ដា ពណ៌បៃតងអាចលូតប្រវែងជាង ៩ម៉ែត្រ និងមានទំងន់រហូតដល់ ២២៧គីឡូក្រាម។ អាណាខន់ដា ជាពូជពស់ដែលមិនមានពិស។ វាប្រើខ្លួនរបស់វារុំ និងរឹតរាងកាយរបស់ចំណីរហូតដល់ស្លាប់បន្ទាប់មកក៏លេបចូលទាំងស្រុង។ ទំហំនៃចំណីមិនមានជាបញ្ហាសំរាប់ អាណាខន់ដា ទេ។ អ្វីក៏ពួកវាអាចរឹតបានដែរទោះជាសត្វធំៗដូចជាជ្រូកព្រៃ ខ្លារខិន ឬក្រពើក៏ដោយ។

៨ ខ្លាឃ្មុំប្រផេះ Grizzly Bear

ខ្លាឃ្មុំប្រផេះជាសត្វមួយក្នុងចំណោមសត្វដ៏ធំ និងមានកំលាំងខ្លាំងបំផុតលើលោក។ ភាគច្រើនពួកគេមាននៅប្រទេស កាណាដា និងភាគពាយ័ព្យ សហរដ្ឋអាមេរិក។ ខ្លាឃ្មុំប្រផេះអាចឡើងដល់កំពស់អតិបរមា ២,៥ម៉ែត្រ និងមានទំងន់រហូតដល់ ៣៥០គីឡូក្រាម។ មានក្បាលធំ ក្រញ៉ាំ និងសាច់ដុំធំ ហើយក៏មានធ្មេញរឹងមាំផងដែរដែលអាចខាំបំបែកសូម្បីតែបាល់ប៊ូលីង។ ខ្លាឃ្មុំប្រផេះជាសត្វឆាប់ខឹង ពួកគេនឹងវាយប្រហារសត្វណាដែលមើលទៅទំនងដូចជាអាចគំរាមកំហែងអាយុជីវិតពួកគេ។ តាមពិត សត្វដែលមានកំលាំងខ្លាំងក្លាមួយនេះអាចយកឈ្នះគ្រប់សត្រូវបើមានការប្រកួត។ ខ្លាឃ្មុំប្រផេះនឹងកាន់តែខ្លាំងនៅពេលកូនតូចរបស់ពួកគេត្រូវបានវាយឆ្មក់។

៧ គោមេ ឬគោបា Ox

គោមេ ឬប្រទេសខ្លះហៅថាគោបាជាពូជគោដ៏ធំ និងរឹងមាំ។ គោនេះត្រូវបានគេប្រើជានង្គ័លតាំងពី ៤០០០ឆ្នាំមគ។ គោមេ ឬគោបានេះជាទូទៅគឺជាគោឈ្មោលពេញវ័យ។ គោនេះមានកំលាំងខ្លាំងគ្រប់គ្រាន់នឹងទប់ទំងន់បានរហូតដល់ ៨០០គីឡូ ក្រាម។ គោនេះត្រូវបានប្រើគេប្រើសំរាប់ភ្ជួរស្រែ និងអូសរទេះ។ ថ្វីត្បិតថាពួកគេយឺត ប៉ុន្តែពួកគេអាចស្ពាយឥវ៉ាន់បានយូរថ្ងៃដូចជាសេះយ៉ាងអីញ្ចឹង។ គោមេ​ ឬគោបាក៏ត្រូវបានគេស្គាល់ផងដែរថាជាសត្វដែលស្ងប់ស្ងាត់ ហើយពួកគេក៏ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃកម្លាំង, ស្ថេរភាព និងការប្តេជ្ញារទៀតផង។

៦ ខ្លា Tiger

ខ្លាជាសមាជិកដ៏ធំ និងខ្លាំងបំផុតនៃអំបូរឆ្មា។ ពួកគេអាចរស់នៅក្នុងវាលភក់ល្បប់, ព្រៃ និងវាលស្មៅ។ នៅលើលោកយើងនេះមានខ្លា ១០ប្រភេទ ដែលត្រូវបានគេស្គាល់។ ខ្លា Siberian ធំជាងគេបំផុតក្នុងចំណោមអំបូរនេះ។ ខ្លា Siberian ពេញវ័យអាចមានទំងន់រហូតដល់ ៣០៦គីឡូក្រាម។ ខ្លាមានថ្គាមដ៏រឹងមាំអស្ចារ្យ និងធ្មេញសរុប ៣០។ ចង្កូមខាងលើមានប្រវែងរហូតដល់ ១០សង់ទីម៉ែត្រ ដែលកកើតឡើងសម្រាប់ការហែកសាច់។ ខ្លាគឺជាអ្នកប្រមាញ់ដ៏គួរឱ្យខ្លាច និងអាចពាំចំណីដែលមានទំងន់ធ្ងន់ជាងពួកគេពីរដង។ ខ្លាក្លាយជាអ្នកប្រយុទ្ធដ៏កាចសាហាវដោយឈរលើជើងក្រោយ។ បើគិតពីទំហំ និងកំលាំង ពួកគេអាចយកឈ្នះសូម្បីតែតោ។

៥ ស្វា ហ្គោរីឡា Gorilla

ហ្គោរីឡា គឺជាពូជស្វាដ៏ធំបំផុតលើលោក។ ពួកគេត្រូវបានគេស្គាល់ថាជាសត្វដែលមានកំលាំងខ្លាំងអស្ចារ្យ។ ហ្គោរីឡាអាចឡើងដល់កំពស់ ១,៧៥ម៉ែត្រ និងមានទំងន់រហូតដល់ ២០០គីឡូក្រាម។ បើប្រៀបធៀបជាមួយមនុស្ស ដៃរបស់ ហ្គោរីឡា ធំជាង, រឹងមាំជាង និងខ្លាំងជាង។ ពួកគេអាចកាន់វត្ថុទំងន់រហូតដល់ ២តោន ឯណោះ។ ស្វា ហ្គោរីឡា ដើរដោយប្រើដៃជាជំនួយដើម្បីទប់ឱ្យមានតុល្យភាពនឹងទំងន់របស់ពួកគេ។ ពួកគេអាចដើរដោយមិនបាច់ប្រើដៃទប់ក៏បានដែរ ប៉ុន្តែមិនបានយូរប៉ុន្មានទេ។ ការតោងដើមឈើ ឬដើរដោយប្រើដៃទប់នេះហើយដែលធ្វើឱ្យដៃរបស់ពួកគេមានកំលាំងខ្លាំង។ និយាយឱ្យចំស្វា ហ្គោរីឡា ឈ្មោលពេញវ័យមានកំលាំងខ្លាំងជាងមនុស្ស ១៥ទៅ២០ដង អីណ៎ក!។

៤ ដំរីគុម្ពោត អាហ្រ្វិក African Bush Elephant

ដំរីព្រៃ អាហ្វ្រិក ជាសត្វលើគោកដែលធំជាងគេបំផុតលើលោក។ ដំរីគុម្ពោត អាហ្វ្រិក និងដំរីព្រៃ អាហ្វ្រិក គឺជាពូជពីរប្រភេទខុសគ្នានៅក្នុងអំបូរដំរី។ ពួកគេធំជាង និងខ្លាំងជាងដំរី អាស៊ី ហើយក៏មានត្រចៀកធំជាងផងដែរ។ ដំរីគុម្ពោត អាហ្វ្រិកអាចមានកម្ពស់ពី ៨ទៅ១៣ហ្វីត និងមានទំងន់រហូតដល់ ៧តោន។ ដំរីគុម្ពោត អាហ្វ្រិក អាចលើកវត្ថុដែលមានទំងន់ច្រើនជាង ៩តោន ព្រោះប្រមោយរបស់ពួកគេខ្លាំងណាស់។ រាងកាយរបស់ពួកគេមានសាច់ដុំ និងសរសៃវ៉ែនជាង ៤ម៊ឺន ហើយអាចទ្រាំទ្រនឹងទំងន់ ២០០គីឡូក្រាម។ មានភ្លុកវែងដែលជាទូទៅមានប្រវែងរហូតដល់ ២,៥ម៉ែត្រ និងទំងន់រហូតដល់ ៤៥គីឡូក្រាម។ ពួកគេប្រើភ្លុកដើម្បីជីក, ការពារខ្លួនពីសត្វសាហាវផ្សេងៗ និងសំរាប់ប្រយុទ្ធជាមួយដំរីឈ្មោលផ្សេងទៀត។

៣ ស្រមោចកាត់ស្លឹកឈើ Leafcutter ants

មានប្រវែង ២.១សង់ទីម៉ែត្រ ស្រមោចកាត់ស្លឹកឈើគឺជាសត្វមួយក្នុងចំណោមសត្វដែលមានកំលាំងខ្លាំងបំផុតមិនគួរឱ្យ ជឿលើលោក។ ស្រមោចតូចនេះអាចលីរបស់ដែលធ្ងន់ជាងទំងន់ខ្លួន ៥០ដង។ ពួកគេមានថ្គាមរឹងមាំដែលអាចពាំបំណែកស្លឹកឈើដ៏ធំទៅកាន់សំបុក។ ថ្វីបើស្រមោចនេះមានទំហំតូចក៏ដោយ ប៉ុន្តែពួកគេមានសាច់ដុំមាំជាងសត្វធំៗមួយចំនួន។ ស្រមោចកាត់ស្លឹកឈើ ត្រូវបានដាក់ឈ្មោះបែបនេះដោយសារតែរបៀបដែលពួកគេសែងបំណែកស្លឹកឈើ។ ពួកគេមិនមែនស៊ីស្លឹកឈើជាអាហារទេផ្ទុយទៅវិញគឺពួកគេប្រើស្លឹកឈើជាជីដើម្បីដាំផ្សិត។ ស្រមោចនេះក៏អាចជាការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីកសិកម្មផងដែរដោយសារតែពួកគេបំផ្លាញដំណាំ និងរុក្ខជាតិដ៏មានតំលៃជាច្រើន។

២ កញ្ចែររមាស Rhinoceros beetles

កុំឃើញខ្លួនតូចចង់មើលងាយឱ្យសោះ! ពេលនិយាយពីសត្វដែលអាចសែងរបស់ដែលមានទំងន់ធ្ងន់កញ្ចែររមាសជាសត្វដែលមានកំលាំងខ្លាំងជាងគេបំផុតទី ២ នៅលើផែនដី។ ពួកគេអាចសែងរបស់ដែលធ្ងន់ជាងទំងន់ខ្លួន ៨៥០ដង។ កញ្ចែររមាសជាពូជសត្វល្អិតដែលធំជាងគេលើលោក។ កញ្ចែររមាសឈ្មោលមានស្នែងពីរ មួយនៅលើក្បាល និងមួយទៀតចង្អុលពីទ្រូង។ ស្នែងរបស់វាមើលទៅដូចជាស្នែងរមាសយ៉ាងអីញ្ចឹង។ កញ្ចែររមាសក៏ប្រើស្នែងរបស់ពួកគេដើម្បីប្រយុទ្ធជាមួយកញ្ចែរឈ្មោលដទៃទៀតដើម្បីទាក់ទាញកញ្ចែរញីផងដែរ។

១ កញ្ចែរអាចម៍សត្វ Dung beetles

គួរឱ្យភ្ញាក់ផ្អើលណាស់ដែលសត្វល្អិតមួយនេះជាប់ឈ្មោះជាសត្វដែលខ្លាំងជាងគេបង្អស់លើលោក! សត្វដ៏តូចនេះអាចរុញរបស់ដែលមានទំងន់ធ្ងន់ជាងខ្លួន ១១៤១ដង។ កញ្ចែរអាចម៍សត្វបង្កើនកំលាំងដ៏ខ្លាំងរបស់ពួកគេតាមរយៈការប្រកួតប្រជែងដណ្តើមគូ។ ពួកគេប្រើស្នែងរបស់ខ្លួនដើម្បីប្រយុទ្ធជាមួយគូប្រជែងខ្លាំងៗ ការប្រយុទ្ធបែបនេះហើយដែលជួយឱ្យពួកគេមានកំលាំងកាន់តែខ្លាំង។ ពួកគេរស់នៅគ្រប់ទ្វីបទាំងអស់លើកលែងតែ អង់តាកទិក៕

 

themystriousworld

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ