ការលើសអរម៉ូនទីរ៉ូអ៊ីត លើស្ត្រីមានផ្ទៃពោះ!

January 05, 2017 09:00 AM 67

 

អរម៉ូនទីរ៉ូអ៊ីតត្រូវបានបញ្ចេញពីក្រពេញទីរ៉ូអ៊ីត ដែលមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃដើមក ដើម្បីទ្រទ្រង់ជីវិតមនុស្ស។ ការកើនឡើងលើសពីប្រក្រតីនៃអរម៉ូននេះ បង្ករឲ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ។ ការកើនឡើងលើសប្រក្រតីនៃអរម៉ូនទីរ៉ូអ៊ីតលើស្ត្រីមានផ្ទៃពោះ មានអត្រារហូតដល់ 0,2%នៃស្ត្រីមានផ្ទៃពោះ ហើយវាអាចបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកក្នុងផ្ទៃបើពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
ក) រោគសញ្ញា៖
- ការស្រកទម្ងន់ ឬមិនឡើងទម្ងន់ក្នុងកំឡុងពេលមានផ្ទៃពោះ ជាសញ្ញាមួយដែលធ្វើឲ្យយើងគិតដល់ជំងឺនេះ
- ការក្អួតខ្លាំង(ចាញ់កូនខ្លាំង)
- អស់កំលាំង
- បេះដូងដើរញាប់
- ហត់
- ឆាប់ខឹង ឆាប់មួម៉ៅ
ខ) មូលហេតុ៖
- ជំងឺ Basedow ជាមូលហេតុដែលជួបប្រទះញឹកញាប់ជាងគេ វាកើតឡើងដោយសារការបញ្ចេញអង់ទីករ ភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (Anticorps Anti-Récepteur de la TSH)
- ការកើនឡើងអ័រម៉ូនទីរ៉ូអ៊ីតក្នុងរយៈពេលខ្លី (Thyrotoxicose gestationnelle transitoire) កើតឡើងដោយការភ្ញោចអ័រម៉ូនរបស់គ៌ភ (β-HCG)ទៅលើក្រពេញទីរ៉ូអ៊ីត ហើយវាត្រលប់ទៅរកភាពប្រក្រតីវិញនៅទ្រីមាសទី២ និងទី៣
- ដុំពកកច្រើន(Goitre multinodulaire toxique)
- ដុំពកក (Adénome toxique)
- ការរលាកក្រពេញទីរ៉ូអ៊ីតផ្សេងៗទៀត (Thyroïdites)
គ) ផលវិបាក៖
- ផលវិបាកលើម្តាយៈ
• រលូតកូន (Fausses couches spontanées) 
• កូនកើតមិនគ្រប់ខែ (Prématurité) 
• ការឡើងសំពាធឈាមពេលមានផ្ទៃពោះ (HTA gravidique)
• ក្រលាភ្លើង (Pré-éclampsie) 
• ខ្សោយបេះដូង (Insuffisance cardiaque)
- ផលវិបាកលើទារកក្នុងផ្ទៃៈ
• រូបរាងមិនប្រក្រតី (Malformation congénitale) 
• ការលូតលាស់យឺតយ៉ាវ (Retard de Croissance) 
• កូនស្លាប់ក្នុងផ្ទៃ (Mort in utéro) 
• ការលើសអរម៉ូនទីរ៉ូអ៊ីតលើកូន (Hyperthyroïdie foetale)
ឃ) រោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺផ្អែកលើការពិនិត្យឈាមមើលកំរិតអរម៉ូនក្នុងឈាម
- ការកើនឡើងនៃ T4 libre
- ការថយចុះនៃ TSH
- ការស្វែងរកមូលហេតុតាមរយៈការ អេកូរណ៍សាស្រ្តលើក្រពេញទីរ៉ូអ៊ីត និងការពិនិត្យឈាមរកអង់ទីករ ដែលភ្ញោចទៅលើក្រពេញទីរ៉ូអ៊ីត (TRAK)
ង) ការព្យាបាល ៖
ចំពោះការព្យាបាល ត្រូវបានធ្វើឡើងដោយប្រើថ្នាំ ដើម្បីបន្ថយអរម៉ូនទីរ៉ូអ៊ីត ទៅតាមកម្រិតរបស់វា។
ច) ដំបូន្មាន៖
- ស្រ្តីមានផ្ទៃពោះគ្រប់រូបគួរតែតេស្តឈាមមើលកំរិតអរម៉ូនទីរ៉ូអ៊ីតឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា
- ស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានលើសអ័រម៉ូនទីរ៉ូអ៊ីត ត្រូវប្រញាប់មកពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសផ្នែកជំងឺក្រពេញឲ្យបានឆាប់ជាទីបំផុត និង គោរពតាមដំបូន្មានគ្រូពេទ្យជំនាញឲ្យបានខ្ជាប់ខ្ចួន ដើម្បីសុវត្តិភាពម្តាយ និងកូន។source:Calmette Hospital 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ