ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងចំណេះដឹងទូទៅបន្ថែម!

January 09, 2017 09:00 AM 254

 

ជំងឺទឹកនោមផ្អែមប្រភេទទី ២ កើតមានភាគច្រើនលើសលប់លើមនុស្សធំពេញវ័យដោយស្ងប់ស្ងាត់បំផុត និងដោយប្រើពេលវេលាច្រើនឆ្នាំ បន្តិចម្តងៗ ដោយមិនមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់។ ការរង់ចាំរោគសញ្ញា(សញ្ញាធ្វើទុក្ខ ដូចជាវិលមុខ- អស់កំលាំង- នោមច្រើន- ស្រវាំងភ្នែក- ហឹងត្រចៀក ជាដើម។)ដើម្បីធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាល គឺជាការយឺតពេលវេលា និងទុកបណ្តោយអោយផលប៉ះពាល់នាំដល់ពិការភាព ឫប៉ះពាល់អាយុជីវិត អាចកើតឡើងបាន។ ដូច្នេះការពិនិត្យសុខភាពទៀងទាត់ ពិនិត្យវិភាគកំរិតជាតិស្ករក្នុងឈាមដោយគ្រូពេទ្យ គឺជាវិធីល្អបំផុត។
១. ហេតុអ្វីបានជាមានការលើសជាតិស្ករក្នុងឈាម?
គឺនៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធិភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើងមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចអោយជីវិតអាចរស់នៅបាន។
ការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺទឹកនោមផ្អែម) មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់ ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន)។
២. ហេតុអ្វីបានជាការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចំបងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន?
ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងអោយទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
- ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
- ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃរឈាមបេះដូង
- ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
- ពិការភាពភ្នែក
- និងការបាត់បង់ការដឹងប្រពន្ធ័ប្រសាទអវៈយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង
៣. តើមានដំបូន្មានអ្វីសំខាន់ៗ?
ដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែម ខាងក្រោម គឺជាអ្វីដែលមនុស្សទូទៅត្រូវខិតខំអនុវត្តន៍អោយបានដើម្បីការធានាបាននូវសុខភាពមួយ ប្រកបដោយសុវត្ថិភាពខ្ពស់៖
ក- ហាត់ប្រាណយ៉ាងតិច ៣០-៤៥នាទីក្នុងមួយថ្ងៃ (ក្នុងពេលតែម្តង ឫចែកជាពីរដង ក្នុងមួយថ្ងែ)
ខ- បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ដង និងទៀងពេលវេលា ដោយមានបន្លែចម្រុះជាមួយពេលអាហារនិមួយៗ
គ- កាត់បន្ថយគ្រឿងស្រវឹងអោយបានច្រើនបំផុត
ឃ- ឈប់ពិសាបារី
ង- ជៀសវាងអាហារប្រៃអោយបានច្រើន
ច- កាត់បន្ថយអាហារកាឡូរីខ្ពស់ មកពីប្រភពស្ករ ខ្លាញ់ និងសាច់ក្រហម (សាច់គោ ជ្រូក ជាដើម)
ឆ- និងពិសេសបំផុត គឺកាត់បន្ថយអោយបានច្រើនបំផុតស្ថានភាពតានតឹងអារម្មណ៍ (ដែលជាមូលហេតុចំបងនាំមកដល់វិបត្តិមេតាបូលិក)

"ក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ និងពន្យល់លំអិតបន្ថែមលើរាល់ជំរើសនៃការព្យាបាល ទៅតាមស្ថានភាពសុខភាព និងស្ថានភាពជំងឺនិមួយៗ។"

 source: Calmette Hospital

 
 
 
 
 
 
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ