ម្តាយក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់ទារកឬទេ?

July 27, 2017 05:00 PM 168

ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួន លើស ឬស្មើ ៣៧.៨ អង្សារសេ។

១) មូលហេតុ៖
កត្តាដែលនាំអោយមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖
- រលាកត្រចៀក
- រលាកបំពង់ក
- រលាកទងសួត
- ផ្តាសាយធំ

ខ. មូលហេតុធ្ងន់ធ្ងរ៖
- ការរលាកតម្រងនោម
- ការរលាក ប្រដាប់បន្តពូជ
- ការរលាកស្រោមទឹកភ្លោះ
- ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍។
គ. មូលហេតុធ្ងន់ធ្ងរដែលតម្រូវអោយមានការវះកាត់បន្ទាន់មានដូចជាៈ
- រលាកខ្នែងពោះវៀន
- រលាកថង់ទឹកប្រមាត់

២) រោគសញ្ញា៖
អាការៈដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកំដៅមានៈ
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជាៈ
- ពិបាកនោម
- នោមមិនអស់
- នោមក្រហាយ
- ឈឺចង្កេះ
- នោមមានឈាម

ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារៈ
- រាគរូស
- ក្អួត ចងោ្អរ
- ចុកពោះ

គ. សញ្ញាផ្លូវដង្ហើមៈ
- ក្អក
- ហត់
- ពិបាកដកដង្ហើម
- ថប់ដើមទ្រូង

ឃ. សញ្ញានៃប្រដាប់បន្តពូជៈ
- ធ្លាក់សខ្លាំង មានក្លិនស្អុយ
- ការធ្លាក់ឈាម
- ការហូរខ្ទុះ

*បញ្ជាក់: ចំពោះការបង្ករោគដោយប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំ គឺមិនបណ្តាលអោយមានសញ្ញាតំអូញអ្វីទាំងអស់ ដូច្នេះទាមទារអោយស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន អោយបានទៀងទាត់ និងទាន់ពេលវេលា។

៣) កត្តាប្រឈម
ហានិភ័យដែលអាចកើតមានឡើង បណ្តាលមកពីគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជាៈ
- អាចបណ្តាលអោយរលូតកូន
- កូនកើតមិនគ្រប់ខែ
- ទារកស្លាប់ក្នុងពោះ
- ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។

៤) វិធីការពារ និងព្យាបាល៖
- ត្រូវនៅអោយឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
- មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
- មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
- ត្រូវនៅអោយឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលអោយឆ្លងបាន
- ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ

ប្រសិនបើមានអាការៈក្តៅខ្លួន កំដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុ និងទទួលបានការព្យាបាលអោយបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។
“សុភមង្គលក្នុងគ្រួសារបានដោយសារ គ្មានការចម្លងមេរោគចំពោះម្តាយ និងកូន”

ប្រភព៖​​ មន្ទីរពេទ្យកាល់​ម៉ែត

 

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ