តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែលរឺទេ?

August 01, 2017 05:07 PM 122

ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថាជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះយើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្រ្តីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែលរឺ ទេ ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

ជាការពិតណាស់បើស្រ្តីមិនទាន់មានផ្ទៃពោះហើយគាត់ប្រាថ្នាចង់បានបុត្រ គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនអោយបាន ត្រឹមត្រូវដើម្បីជៀសវាងផលវិបាក។

ប្រសិនបើណាជាគាត់ មិនបានរៀបចំខ្លួនអោយបានត្រឹមត្រូវទេ នោះគាត់ អាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូន(ទាំងសងខាង)។

-ម្តាយអាចប្រឈមមុខជាមួយ: ជំងឺលើសឈាម ជំងឺក្រឡាភ្លើង

-ទារកអាចប្រឈមជាមួយ: ទារកឡើងគីឡូខ្លាំង ដែលជាហេតុធ្វើអោយពិបាក សម្រាល ទារកអាចមានបញ្ហាផ្លូវដង្ហើម និងអាចរលូត រឺក៏ទារកអាចស្លាប់ ក្នុងផ្ទៃ។

ហេតុដូចនេះហើយបានជាយើងលើកយកអត្ថបទនេះឡើងដើម្បីពន្យល់បង ប្អូនមហាជន ជាពិសេស ស្រ្តី និងក្រុមគ្រួសារដើម្បីរៀបចំខ្លួនជៀសវាង នូវផលវិបាកដូចបានរៀបរាប់ខាងលើ។

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់ បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
- ពិនិត្យហើយតាមដានជាតិស្ករអោយមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)
- ត្រូវព្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម តើពេលគួរគប្បីយកបុត្រ ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំ អ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទីមួយនេះ គឺគាត់បានទទួល ការព្យាបាល ដោយការចាក់ អាំងស៊ុយលីន រួចមកហើយ ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំ គ្រាប់ក្នុងការព្យាបាលហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើ ទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។ ថ្នាំចាក់ អាងស៊ុយលីន នេះមិនមាន ផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារក ហើយត្រូវបាន អ្នកវិទ្យាសាស្រ្តធំៗនានានៅពិភពលោក ចាត់ទុកថាជាថ្នាំជំរើសតំបូង សម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ។

- អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ដើម្បីរុករកមើល ផលប៉ះពាល់ទៅ លើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ។ គេសង្កេតឃើញថាអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលដែល គាត់មានបុត្រគឺពេលនោះគាត់អាចមានផលប៉ះពាល់ទៅលើបាទភ្នែក ហេតុដូចនេះមុននឹកការសម្រេចចិត្តយក បុត្រគួរគាប់បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។

- អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ រឺក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីអាហារជៀសវាង និង អាហារដែលទទួលទានបាន ព្រោះថាស្រ្តីដែលមានផ្ទៃពោះ គឺលំនឹងនៃរបបអាហារត្រូវតែសំខាន់ណាស់ ពីព្រោះបើគាត់តមខ្លាំងពេកនោះគាត់អាចមានផលប៉ះពាលជាកង្វះអាហាររូប្ថមទៅលើទារកនៅក្នុងផ្ទៃ បើគាត់ទទួលទានច្រើនពេកជាតិស្ករគាត់នឹងចុះ ក៏មានផលប៉ះពាល់ទៅលើទារក និងខ្លួនគាត់ដូចគ្នា

ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមហើយគាត់មានគភ៌ តើវិធីសាស្រ្តសម្រាលបែបណាល្អសម្រាប់ពួកគាត់?

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមហើយមានគភ៌ ត្រូវបានចាត់ទុកនៅក្នុងស្រ្តីដែល ប្រឈមមុខគ្រោះថ្នាក់ខ្ពស់ ក្នុងការសម្រាល ដូចច្នេះអ្នកជំងឺ និងក្រុមគ្រួសារ គួរគាប់បីយល់ដឹងថាអ្នកជំងឺ គួរតាមដាននឹងពិនិត្យ ឯកទេសទឹកនោមផ្អែម និងឯកទេសខាងសម្ភព ស្រ្តីត្រូវថែរក្សាកំរិតជាតិស្ករអោយបានល្អ និងតឹងរឹង បំផុតដើម្បី ជៀសវាងនៅផលលំបាកនានាដូចបានរៀបរាប់ខាងលើ គឺមុនពេលបាយជាតិស្ករក្រោម ១០០ml/dl និងក្រោយពេលបាយពីរម៉ោងតិចជាង១២០ml/dl ។ ប្រសិនណាបើគាត់អាចរក្សាជាតិស្ករក្នុងកំរិតដូចបានជម្រាបជូនខាងដើម នោះវិធីសាស្រ្តក្នុងការសម្រាលតាមការវះកាត់ក្តី រឺតាមធម្មជាតិក្តីលែងជាបញ្ហាសម្រាប់គាត់ទៀតហើយ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

ដោយ៖ សូ​ ណែត

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ