វិធីងាយៗក្នុងការកម្ចាត់ស្នាមមុនតាមបែបធម្មជាតិ

August 09, 2017 04:53 PM 251

មនុស្សគ្រប់រូបតែងស្រម៉ៃចង់បានស្បែកមុខដែលម៉ត់ស្អាតសរលោងមិនមានមុននិងស្នាមនោះទេ ដោយសារផ្ទៃមុខគឺជាចំណុចសំខាន់ជាងគេនៃរាងកាយសម្រាប់ភាពទាក់ទាញ​ ហើយមនុស្សជាច្រើនតែងពិបាកចិត្តក្នុងការជ្រើសរើសផលិតផលណាមួយមកប្រើខ្លាំងណាស់ ព្រោះពេលខ្លះមុខរបស់យើងក៏អាចប្រែជាអាក្រក់ ឬខុសពីសភាពដើមក៏ដោយសារផលិតផលទាំងនោះដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំនូវវិធីកម្ចាត់ស្នាមមុនតាមបែបធម្មជាតិ ដែលចំណាយប្រាក់អស់តិចហើយទទួលបានលទ្ធផលពិត​ៗ។

-ដំណាក់កាលទី ១ : កាហ្វេ និង ប្រេងអូលីវ

យកកាហ្វេម៉ត់ ១ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាបព្រាបាយ មកលាយបញ្ចូលគ្នាឲ្យសព្វ រួចយកមកលាប និងធ្វើការម៉ាស្សាថ្មមៗ រួចទុកចោលពី ១០ ទៅ១៥នាទី ទើបលាងជម្រះចេញជាមួយទឹកត្រជាក់ធម្មតា។

-ដំណាក់កាលទី ២ : ទឹកឃ្មុំ

បន្ទាប់ពីធ្វើការម៉ាស្សាមុខរួច ជូតមុខឲ្យស្ងួត និងទុកចោលមួយសន្ទុះ ចាំយកទឹកឃ្មុំមកលាបតិចៗត្រង់ចំណុចណាដែលមានស្នាម មុនចូលគេង ហើយចាំសម្អាតវាចេញនៅពេលព្រឹក។

-ដំណាក់កាលទី ៣ : ក្រូចឆ្មា

បើនិយាយពីក្រូចឆ្មាអាចនឹងមានផលវិបាកបន្តិចសម្រាប់អ្នកដែលមានស្បែកស្ដើងខ្លាំង ហើយប៉ះជាមួយជាតិក្រូចឆ្មាមិនបាន ប៉ុន្ដែសម្រាប់អ្នកដែលមិនមានបញ្ហាដូចនេះ អ្នកអាចយកទឹកក្រូចឆ្មាមកលាបតិចៗ ត្រង់ចំណុចមានស្នាមមុន ទុក ១០ ទៅ១៥នាទី (ប៉ុន្ដែបើវាផ្សាខ្លាំងពេក បានប៉ុន្មាននាទីក៏គួរលាងទឹកចេញដែរ) រួចលាងជម្រះចេញដោយទៅត្រជាក់ធម្មតាជាការស្រេច។

អនុវត្តតាមវិធីនេះ ១ ទៅ​ ២ដងក្នុងមួយសប្ដាហ៍ នោះស្នាមមុនរបស់អ្នកនឹងស្ដើង ឬត្រូវបានកាត់បន្ថយជាងមុន។ ព្យាយាមធ្វើយូរៗទៅស្នាមមុននោះនឹងត្រូវបានកម្ចាត់ចេញទាំងស្រុងតែម្ដង៕

ដោយ៖ ប៊ុនឃាំង

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ