កូរ៉េខាងជើងគំរាមបាញ់មីស៊ីល៤គ្រាប់ឆ្ពោះមកកោះហ្គាំ

August 10, 2017 08:26 AM 172

 

ទីក្រុងសេអ៊ូល៖ យោធាកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងពិចារណាផែនការបាញ់មីស៊ីលបាលីស្ទុកចម្ងាយមធ្យម៤គ្រាប់ ដាក់ម្តុំកោះហ្គាំ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់កងទ័ពអាកាស និងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។
 
នៅក្នុងសង្គ្រាមពាក្យសម្តី កងទ័ពយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងឈានដល់ការសន្និដ្ឋានចុងក្រោយចំពោះផែនការនោះនៅពាក់កណ្តាលខែសីហានេះ និងរាយការណ៍ជូនទៅមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងរង់ចាំបញ្ជារបស់គាត់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានKCNA។
 
គេបាននិយាយថា មីស៊ីល Hwasong-12 នឹងហោះឆ្លងកាត់អាកាសពីលើ Shimane ហ៊ីរ៉ូស៊ីម៉ា និងកូអីឈិ នៃប្រទេសជប៉ុន និងហោះចម្ងាយ ៣៣៥៦.៧គម រយៈពេល១៨នាទីមុនពេលធ្លាក់ចម្ងាយ៣០ ទៅ៤០គម ពីកោះហ្គាំ។
ការគំរាមរបស់កូរ៉េខាងជើងបកទៅវិញកើតមានឡើង ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងនឹងជួបប្រទះ ជាមួយនឹង "ល្បែងសង្គ្រាម" បើគេនៅចង់មានមហិច្ឆិតាវាយប្រហារសហរដ្ឋអាមេរិកជាមួយនិងមីស៊ីលបាលីស្ទិក។
អ្នកជំនាញនិយាយថា កូរ៉េខាងជើងទំនងជានឹងបន្តការគំរាមរបស់ខ្លួនទៀត ខណៈដែលទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដែលចាប់ផ្តើមនៅចុងខែសីហានេះ។
 
ទីក្រុងព្យុងយ៉ាងបានអះអាងថា សមយុទ្ធនេះគឺជាការហាត់សមសម្រាប់ឈ្លានពាន ទោះជាយ៉ាងណា  មានការធានាអះអាងជាថ្មីដោយសម្ព័ន្ធមិត្តទាំងនោះថា វាគឺជាសមយុទ្ធក្នុងរូបភាពការពារតែប៉ុណ្ណោះ៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ