ចលនាជាតិនិយមក្នុងរដ្ឋតិចសាស់ គ្រោងនឹងបោះឆ្នោតផ្តាច់ខ្លួនពីអាមេរិកនៅឆ្នាំ ២០១៨

June 27, 2016 09:05 AM 1142

ក្រោយពេលដែលប្រជាជនអង់គ្លេស បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប វាបានរំញោចដល់ក្រុមចលនាជាតិនិយមក្នុងរដ្ឋតិចសាស់មួយចំនួន ដោយចលនានេះមានទំនុកចិត្តថា ប្រជាជនក្នុងរដ្ឋតិចសាស់ និងបោះឆ្នោតផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨។ ឥឡូវនេះអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ត្រូវបានស្នើយ៉ាងច្រើនចំពោះការបោះឆ្នោតនេះ។ នេះបើតាមការផ្សាយរបស់វេបសាយ rt.com។

រដ្ឋចុងក្រោយដែលបានដកខ្លួនចេញពីសហរដ្ឋអាមេរិក គឺជារដ្ឋតិចសាស់នេះឯងកាលពី ១៥៥ឆ្នាំមុន ប៉ុន្តែប្រវត្តិសាស្រ្តនេះទំនងជានឹងមិនកើតឡើងវិញងាយៗឡើយ។ ប៉ុន្តែវានឹងកើតឡើងនៅក្នុងឆ្នាំ ២០១៨ ប្រសិនបើក្រុមចលនាជាតិនិយមតិចសាស់ អាចអូសទាញអ្នកគាំទ្របានយ៉ាងច្រើនលើសលុប។

ដោយបានអួតអាងថាមានអ្នកគាំទ្រចំនួន ២៦១ ២៣១នាក់ នៅលើវេបសាយរបស់ខ្លួននោះ ចលនានេះកំពុងអំពាវនាវឱ្យប្រជាជនរដ្ឋតិចសាស់កាន់តែច្រើន ចូលរួម និងដាក់សម្ពាធទៅលើលោក Abbott ក្នុងការអនុញ្ញាតឱ្យមានការបោះឆ្នោតផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក និងការិយាធិបតេយ្យសហព័ន្ធរបស់ខ្លួន។

កាលពីឆ្នាំមុន ចលនាជាតិនិយមនេះបានខកខានក្នុងការលើកបញ្ហានេះ និងភាពយឺតយ៉ាវការប្រមូលផ្តុំគ្នា ក្នុងពេលអង់គ្លេសបោះឆ្នោតចេញពីសហភាពអឺរ៉ុបនោះ ចលនាជាតិនិយមតិចសាស់ គ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិនៅឆ្នាំ ២០១៨ ដើម្បីបញ្ចុះបញ្ចូលប្រជាជនឱ្យ គាំទ្រដល់ការទទួលឯករាជ្យពីសហរដ្ឋអាមេរិក។

រដ្ឋតិចសាស់ គឺជារដ្ឋទី ២៨ ដែលបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក នៅឆ្នាំ ១៨៤៥ ប៉ុន្តែ ៩ឆ្នាំក្រោយមក រដ្ឋនេះបានប្រកាសខ្លួនជាសាធារណរដ្ឋឯករាជ្យមួយ។ បច្ចុប្បន្ននះ សេដ្ឋកិច្ចរបស់រដ្ឋតិចសាស់មានប្រមាណ ១,៦ទ្រីលានដុល្លារ ហើយប្រសិនបើវាក្លាយជារដ្ឋឯករាជ្យមួយ វានឹងស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចទាំង ១០ ក្នុងពិភពលោក។

ទំព័រហ្វេសប៊ុករបស់ក្រុមចលនានេះមានចំនួនអ្នកគាំទ្រ ២០៨ ៦៤៣ Likes បើប្រៀបធៀបនឹងគណបក្សប្រជាធិបតេយ្យនៃរដ្ឋតិចសាស់ មានត្រឹមតែ ១៣២ ០៥៧ ​Likes៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ