សម្តេចប៉ាប ព្រមានពីការបែកខ្ញែកក្នុងសហភាពអឺរ៉ុប ដូចតំបន់បាល់កង់

June 28, 2016 09:40 AM 412

សម្តេច ប៉ាប ហ្វ្រង់ស៊ីស មេដឹកនាំនៃបុរីវ៉ាទីកង់ បានព្រមានកាលពីថ្ងៃអាទិត្យថា បាល់កង់នីយកម្ម នៃអឺរ៉ុប ហាក់ដូចជាកំពុងកើតឡើង ក្រោយពេលអង់គ្លេស បោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ហើយលោកបានជម្រុញឱ្យប្លុកនេះ ស្វែងរកវិធីថ្មីក្នុងការដោះស្រាយ ដោយការផ្តល់ឱ្យសមាជិកនូវសេរីភាពកាន់តែច្រើនជាងនេះ។

លោកបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះមួយ មុនពេលចាកចេញពីប្រទេសអាមេនី ទៅកាន់ទីក្រុងរ៉ូមវិញថា «យើងត្រូវតែដោះស្រាយរកវិធីថ្មីសម្រាប់សហភាពអឺរ៉ុប។ យើងមិនត្រូវបោះបង់ទារកចោលជាមួយអាងងូតទឹកនោះទេ»។

លោកបានព្រមានថា តំបន់ឬប្រទេសមួយចំនួន ដូចជា ស្កុតឡែន និងតំបន់កាតាឡូនី នៃប្រទេសអេស្ប៉ាញ នឹងជម្រុញឱ្យមានការធ្វើប្រជាមតិបំបែកខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ដែលវិបត្តិនេះត្រូវបានសម្តេចប៉ាប ព្រមានថាអឺរ៉ុប នឹងក្លាយជាតំបន់បាល់កង់ទីពីរ ឬបាល់កង់នីយកម្ម។

លោកបាននិយាយថា ប្លុកនេះនឹងសាងភាពរឹងមាំរបស់ខ្លួនឡើងវិញដោយការបើកចំហរចំពោះការមិនឯកភាពគ្នា បានន័យថា ផ្តល់ឯករាជ្យកាន់តែច្រើន សេរីភាពកាន់តែច្រើនដល់ប្រទេសដែលជាសមាជិកក្នុងសហភាពអឺរ៉ុប៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ