កូរ៉េខាងជើងព្រមានវាយប្រហារអាវុធនុយក្លេអ៊ែដោយមិនប្រាប់មុននិងកំទេចសហរដ្ឋអាមេរិកឲ្យបាត់ចេញពីផែនដី

July 27, 2017 08:31 AM 192

 

កូរ៉េខាងជើងនិយាយថា ខ្លួននឹងធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែដោយមិនជូនដំណឹងជាមុន ប្រឆាំងនឹងសហរដ្ឋអាមេរិក បើសិនជាសត្រូវរបស់ខ្លួនគិតមិនបានត្រឹមត្រូវនោះ។
 
រដ្ឋមន្ត្រីកងប្រដាប់អាវុធរបស់កូរ៉េខាងជើង លោក Pak Yonk Sik បានចេញការព្រមាននេះនៅឯកិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ដើម្បីរំលឹកខួបលើកទី៦៤ឆ្នាំនៃបទឈប់បាញ់គ្នានៅសង្គ្រាមកូរ៉េ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍។
លោក Pak បាននិយាយថា កូរ៉េខាងជើងបានក្លាយជាប្រទេសមីស៊ីល និងនុយក្លេអ៊ែ ដោយនិយាយសំដៅទៅអ្វីដែលគាត់បានហៅថា ការសាកល្បងដោយជោគជ័យលើមីស៊ីលបាលីស្ទិកឆ្លងទ្វិប(ICBM) កាលពីដើមខែនេះ។
 
គាត់បាននិយាយថា បើសិនសត្រូវវិនិច្ឆ័យខុសទៅលើស្ថានភាពយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង យោធា នឹងធ្វើការវាយប្រហារនុយក្លេអ៊ែដោយមិនជូនដំណឹងមុនទៅចំកណ្តាលទីក្រុងរបស់សហរដ្ឋអាមេរិក ដោយមិនធ្វើការព្រមានជាមុន និងបំបាត់ប្រទេសមួយនេះចេញពីផែនដី។
កិច្ចប្រជុំនេះត្រូវបានចូលរួមដោយសមាជិកភាគច្រើនជាថ្នាក់ដឹកនាំ ប៉ុន្តែមិនបញ្ចូលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនទេ។ ទូរទស្សន៍របស់រដ្ឋបានលាក់បាំងចំពោះការជួបប្រជុំនេះ។
 
កាលពីថ្ងៃអង្គារ នាយកនៃនាយកដ្ឋាននយោបាយទូទៅរបស់កងទ័ពប្រជាជនកូរ៉េ លោក Hwang Pyong So ក៏បានចេញសេចក្តីព្រមានមួយដល់សហរដ្ឋអាមេរិកនៅឯកិច្ចប្រជុំរបស់កងទ័ពប្រជាជនកូរ៉េ ដែលត្រូវបានធ្វើឡើងជាលើកទីមួយក្នុងរយៈពេល២ឆ្នាំ។ លោកបានស្រង់សម្តីរបស់មេដឹកនាំ លោក គីម ជុងអ៊ុនថា យោធានឹងរុញច្រានអ្នកណាដែលឈ្លានពានចូលទៅក្នុងរណ្តៅមហន្តរាយ បើសិនជាសត្រូវរបស់ខ្លួនបង្ករឿងដាក់កូរ៉េខាងជើងម្តងទៀតដោយមិនប្រយ័ត្នប្រយែង។
 
ការថ្លែងប្រឈមដាក់គ្នានេះ ត្រូវបានគេមើលឃើញថាមានបំណងពង្រឹងការគ្រប់គ្រងទៅលើប្រជាជន៕NHK

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ