កូរ៉េខាងជើងកាត់ទោសនិស្សិតអាមេរិក ជាប់ពន្ធនាគារ ១៥ឆ្នាំ ដោយសារលួចរូបឃោសនា

March 17, 2016 10:36 AM 423

សេតវិមាន និងមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក បានទទូចឲ្យរដ្ឋាភិបាលកូរ៉េខាងជើង លើកលែងទោស និងដោះលែងនិស្សិតម្នាក់ ដែលត្រូវបានឃាត់ខ្លួននៅទីនោះ ដោយនិយាយថា ការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ សម្រាប់ទង្វើរបស់គេដែលត្រូវបានចោទថាព្យាយាមលួចរូបឃោសនានោះ គឺគ្រាន់តែជាកូនអុននយោបាយមួយតែប៉ុណ្ណោះ។

និស្សិតឈ្មោះ Otto Warmbier អាយុ ២១ឆ្នាំ  ជំនាញផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យមួយនៃរដ្ឋ Virginia ដែលបានធ្វើដំណើរទៅកម្សាន្តជាមួយក្រុមរបស់ខ្លួននៅឯកូរ៉េខាងជើង ត្រូវបានចោទប្រកាន់ថាបានលួចរូបឃោសនាមួយសន្លឹក ពីក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងព្យុងយ៉ាង ដែលក្រុមរបស់ពួកគេបានស្នាក់នៅ កាលពីខែមករា។ រូបគេត្រូវបានកាត់ទោស នៅថ្ងៃពុធម្សិលមិញនេះ អស់រយៈ ១ម៉ោងនៅក្នុងតុលាការកំពូលរបស់កូរ៉េខាងជើង។

មន្រ្តីការទូតមកពីស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងព្យុយ៉ាង ដែលតំណាងឲ្យអាមេរិក ព្រោះប្រទេសទាំងពីរគ្មានទំនាក់ទំនងផ្នែកការទូតជាមួយគ្នា បានបង្ហាញវត្តមាននៅក្នុងសាវនាការផងដែរ។

លោក Bill Richardson ជាមន្រ្តីការទូតអាមេរិកមួយរូប កំពុងធ្វើការងារដើម្បីនាំនិស្សិតខាងលើ ត្រលប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ។ កាលពីថ្ងៃអង្គារ លោកបានជួបសមាជិក ២រូបនៃបេសសកម្មកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក នៅក្រុងញ៉ូយ៉ក បន្ទាប់ពីឪពុកម្តាយរបស់និស្សិត និងអភិបាលរដ្ឋ Ohio លោក John Kasich បានស្នើឲ្យរូបលោកជួយជ្រោមជ្រែងដោះស្រាយក្នុងបញ្ហានេះ។

លោក Richardson បាននិយាយទៅកាន់មន្រ្តីទាំងពីររូបថា គេពុំគួរយកនិស្សិតខាងលើ ឲ្យជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយរវាងអាមេរិក និងកូរ៉េខាងជើងឡើយ។ លោកបានស្នើឲ្យទីក្រុងព្យុងយ៉ាងដោះលែងរូបគេជាបន្ទាន់។

យ៉ាងណាមិញ មន្រ្តីកូរ៉េទាំងពីររូប បានឆ្លើយតបថា ខ្លួននឹងបញ្ជូនសំណើនេះទៅកាន់ប្រទេសខ្លួន ដោយថា ក្រសួងការបរទេសកូរ៉េខាងជើង នឹងខិតខំអស់ពីសមត្ថភាពនៅក្នុងបញ្ហានេះ៕

ប្រភព៖ washingtonpost

ដោយ៖ សោភ័ណ្ឌលាភ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ