បន្ទាប់ពីគម្រាមទម្លាក់គ្រាប់បែកអ៊ីដ្រូស៊ែនលើក្រុងញ៊ូយ៉ក ឥឡូវកូរ៉េខាងជើង សុំអាមេរិក ចរចាគ្នាវិញ

April 05, 2016 01:43 PM 6512

ព្យ៉ុងយ៉ាងៈ ទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលប្រទេសកូរ៉េខាងជើង គម្រាមវាយប្រហារទម្លាក់គ្រាប់បែកអ៊ីដ្រូស៊ែន ទៅលើក្រុញ៊ូយ៉ក និងបន្ទាប់ពីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ មកលើខ្លួននោះ ពេលនេះ កូរ៉េខាងជើង បានស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក។

ក្រុងព្យ៉ុងយ៉ាង បានចេញសេចក្តីថ្លែងការណ៍យ៉ាងវែងអន្លាយមួយ តាមរយៈគណៈកម្មការការពារជាតិរបស់ខ្លួន ដោយអំពាវនាវឱ្យមានការបញ្ចប់ភាពប្រទូស្តរាយរវាងគ្នា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ុងហាប់។

សេចក្តីថ្លែងការណ៍នោះ បានរៀបរាប់ថា «ការរក្សាស្ថេរភាព គឺមានភាពបន្ទាន់ជាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី ហើយការផ្តល់ឱ្យនូវកិច្ចចរចា អាចស្វែងរកដំណោះស្រាយដ៏ល្អប្រសើរមួយ ជាងការដាក់សម្ពាធយោធាដោយមិនចេះគិត»។

សេចក្តីថ្លែងការណ៍នោះ បានបង្ហាញពីភាពខុសគ្នាយ៉ាងដាច់ស្រលះ នូវអ្វីដែលកូរ៉េខាងជើង បានព្រមានកាលពីខែកុម្ភៈ និងខែមីនា ដោយគម្រាមថានឹងធ្វើឱ្យក្រុងសេអ៊ូល ក្លាយទៅម្សៅម៉ដ្ឋ និងផ្តាច់ជីវិតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ ហ្គិនហេ ព្រមទាំងគម្រាមទម្លាក់គ្រាប់បែកអ៊ីដ្រូស៊ែនទៅលើក្រុងញ៊ូយ៉ក។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានកត់សម្គាល់នូវពាក្យ «ស្ថេរភាព និងការចរចា» ដែលគេមិនដែលបានឃើញពីមុនមកឡើយ។

អ្នកវិភាគមួយចំនួនបានលើកឡើងថា សេចក្តីថ្លែងការណ៍នោះ ទំនងជាបានឆ្លុះបញ្ចាំងពីស្ថានភាពផ្ទៃក្នុងរបស់កូរ៉េខាងជើង ជាពិសេសគឺនៅមុនសមាជរបស់គណបក្សលើកទី ៧ ដែលនឹងធ្វើឡើងនៅខែឧសភា។

សហរដ្ឋអាមេរិក ធ្លាប់បាននិយាយថា ការចរចាជាមួយកូរ៉េខាងជើង អាចធ្វើឡើងបានលុះត្រាតែក្រុងព្យ៉ុងយ៉ាង ងាកចេញពីភាពឯកាផ្នែកការទូត និងសេដ្ឋកិច្ច ព្រមទាំងតាំងចិត្តបញ្ឈប់នុយក្លេអ៊ែ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ