កូរ៉េខាងជើង គម្រាមវាយប្រហារនុយក្លេអ៊ែ ទៅលើអាមេរិក ទៀតហើយ

April 28, 2016 01:48 PM 783

ព្យ៉ុងយ៉ាងៈ ប្រទេសកូរ៉េខាងជើង បានគម្រាមវាយប្រហារនុយក្លេអ៊ែ ទៅលើអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីងតោន មិនបញ្ឈប់គោលនយោបាយប្រទូស្តរាយ ប្រឆាំងនឹងក្រុងព្យ៉ុងយ៉ាងទេនោះ។

សេចក្តីថ្លែងការណ៍ថ្កោលទោសនេះ ត្រូវបានចេញផ្សាយនៅក្នុងកាសែតកូរ៉េខាងជើង Rodong Sinmun នៅក្រោមចំណងជើងថា «តើពួកគេនឹងផ្លាស់ប្តូរគោលនយោបាយ ឬចង់ឱ្យយើងបាញ់នុយក្លេអ៊ែ (baptism of nuclear fire)?»។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុងព្យ៉ុងយ៉ាងបានស្តីបន្ទោសសហរដ្ឋអាមេរិកថា បានបោះបង់ចោលឱកាសសម្រាប់កិច្ចចរចាសន្តិភាព ហើយជម្រើសតែមួយគត់សម្រាប់ក្រុងវ៉ាស៊ីងតោននាពេលនេះ គឺជា «វិធីសាស្រ្តស្នៀតដោះទ័លចុងក្រោយ»។

កាសែតនេះបានសរសេរថា កូរ៉េខាងជើង បានផ្តល់នូវសម្បទាន បើទោះបីជារដ្ឋមន្រ្តីការបរទេសខាងជើង លោក Ri Tae Song បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា មិនមានលក្ខណ្ឌណា ដែលការធ្វើតេស្តនុយក្លេអ៊ែ ត្រូវបានបញ្ឈប់នោះទេ ក៏ដោយ។

កូរ៉េខាងជើង បាននិយាយទៀតថា «សហរដ្ឋអាមេរិក មិនខ្វល់នឹងតថភាព ហើយប្រសិនបើពួកគេហ៊ានវាយប្រហារនុយក្លេអ៊ែមកលើយើងនោះ នឹងមានព្យុះផ្គររន្ទះបាញ់នៅលើដែនដីអាមេរិក បណ្តាលឱ្យអាមេរិក ក្លាយទៅជាម្សៅម៉ត់»។

កូរ៉េខាងជើង បានបង្កើនការវាយប្រហារពាក្យសម្តីទៅលើអាមេរិក និងកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរ បានធ្វើសមយុទ្ធជាលក្ខណៈទ្រង់ទ្រាយធំ និងបន្ទាប់ពីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ