ភ្លើងឆេះព្រៃនៅកាណាដា ឈានដល់ដំណាក់កាលមិនអាចទប់ស្កាត់បាន ប្រឈមនឹងការឆេះក្រុងទាំងមូល

May 06, 2016 09:13 AM 47570

ភ្លើងឆេះព្រៃដ៏មហិមា ដែលអាជ្ញាធរនៅក្នុងប្រទេសកាណាដា បានហៅថា ជាគ្រោះមហន្តរាយដ៏មហាចង្រៃ បានចាប់ផ្តើមកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ដីខ្សាច់ដែលមានប្រេង ដោយកម្លាំងភ្លើងបានកើនឡើង៥ដង គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ។

វាត្រូវបានហៅថា ភ្លើងទីក្រុង Fort McMurray បានបង្ខំឱ្យមនុស្សជិត ៩ម៉ឺននាក់ ត្រូវចាកចេញភ្លាមៗ ហើយបានបំផ្លាញ រចនាសម្ព័ន្ធជាង ១.៦០០ នៅក្នុងទីក្រុងនេះ។ អាជ្ញាធរបានព្រមានថា បើមិនអាចទប់ស្កាត់ភ្លើងដ៏ខ្លាំងនេះបានទេ ទីក្រុងទាំងមូល អាចនឹងក្លាយទៅជាផេះ។

សីតុណ្ហភាពរបស់ភ្លើងបានកើនឡើងពី ៨០០អង្សារ ដល់ ១០០០អង្សារ ដោយមនុស្សមិនអាចទប់ស្កាត់ភ្លើងនេះបានឡើយ គឺមានតែធម្មជាតិមួយគត់ដែលអាចជួយបាន នោះគឺជាទឹកភ្លៀង ដែលអាចជួយទប់ទល់បាន។

កម្តៅភ្លើង បានឡើងខ្លាំងបង្អាក់ដល់ប្រតិបត្តិការតាមផ្លូវអាកាស ក៏ដូចជាបង្កភាពស្មុគ្រស្មាញដល់អ្នកពន្លត់អគ្គីភ័យ ១៥០នាក់។

លោក Mike Wotton ជាអ្នកស្រាវជ្រាវវិទ្យាសាស្រ្តម្នាក់នៅសេវាព្រៃឈើក្នុងប្រទេសកាណាដា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Toronto បានប្រាប់ CBC ថា «រដូវនេះ គឺជារដូវរងាល្មម ហើយមិនមានទឹកកកច្រើនទេ ដែលរលាយពីលើភ្នំមក។ ឥឡូវនេះខ្យល់ក្តៅ បានគ្រប់ដណ្តប់ទូទាំងរដ្ឋ Alberta ដែលបណ្តាលឱ្យវាមានសំណើមទាបបំផុត។»

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសថា រដ្ឋាភិបាលនឹងបរិច្ចាគ ទៅកាកបាទក្រហមកាណាដា ដើម្បីជួយដល់រងគ្រោះ និងអ្នកគ្មានទីជម្រកដោយភ្លើងឆេះព្រៃនេះ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ