ភ្លើងឆេះព្រៃនៅកាណាដា ទំនងជាបន្តឆេះជាច្រើនខែទៀត

May 09, 2016 01:17 PM 618

មន្រ្តីនៃប្រទេសកាណាដា បានរំពឹងថា ភ្លើងឆេះព្រៃដ៏សម្បើមមហិមា ដែលបានបំផ្លាញតំបន់ប្រេងជាច្រើនកន្លែងនៃរដ្ឋ Alberta នោះ ទំនងជាបន្តឆេះជាច្រើនខែទៀត។

រដ្ឋាភិបាលនៃរដ្ឋ Alberta បាននិយាយថា ភ្លើងឆេះព្រៃនេះបានគ្របដណ្តប់លើទំហំផ្ទៃដី ២.០០០គីឡូម៉ែត្រក្រឡា គិតត្រឹមថ្ងៃអាទិត្យ និងបន្តកើនឡើងថែមទៀត ដោយសារតែសីតុណ្ហភាពខ្ពស់ អាកាសធាតុស្ងួត និងខ្យល់ខ្លាំង។

លោក Chad Morrison នាយកគ្រប់គ្រងការពារព្រៃឈើនៃរដ្ឋ Alberta បានអះអាងថា វាមិនមែនជារឿងធម្មតាទេ ក្នុងការប្រយុទ្ធនឹងភ្លើងនរកបែបនេះនៅក្នុងតំបន់ព្រៃ ដោយត្រូវចំណាយពេលជាច្រើនខែ។

មានការភ័យខ្លាចថា ភ្លើងឆេះព្រៃនេះនឹងកើនឡើងទ្វេរដង និងឈានដល់តំបន់ប្រេងសំខាន់ៗនៅក្នុងទីក្រុង Fort McMurray ក៏ដូចជារាលដាលទៅដល់តំបន់នៃខេត្តដទៃទៀត។ លោកថា «គ្មានវិធីណាមួយ ដែលអាចគ្រប់គ្រងអគ្គីភ័យនេះបានឡើយ»។

ភ្លើងឆេះនេះ បានកើតឡើងរយៈពេលមួយសប្តាហ៍ទៅហើយ ដោយមនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួន ប៉ុន្តែពុំទាន់មានរបាយការណ៍ពីអ្នករងរបួស និងចំនួនអ្នកស្លាប់ឡើយ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ