អាមេរិក បើកផ្លូវលក់អាវុធឱ្យវៀតណាម ដើម្បីទប់ទល់ចិន

May 19, 2016 08:53 AM 10982

ជាកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន អាមេរិក នឹងលុបចោលរនាំងបាំងលក់អាវុធឱ្យវៀតណាម ដែលជាអតីតសត្រូវរបស់ខ្លួន ក្នុងសម័យសង្គ្រាមត្រជាក់។

ក្នុងអំឡុងពេលដែលលោក បារ៉ាក់ អូបាម៉ា ជិតផុតអណត្តិទៅហើយនោះ លោកបានព្យាយាមដោះស្រាយទំនាស់ជាមួយគូសត្រូវចាស់ៗរបស់អាមេរិក ដូចជា អ៊ីរ៉ង់ គុយបា និងវៀតណាម។​

ប្រទេសចិន គឺជាបច្ចាមិត្តដ៏ធំបំផុតរបស់អាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន។ កិច្ចប្រឹងប្រែងរបស់លោក អូបាម៉ា​ ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិន នឹងអាចបណ្តាលឱ្យមានការកើតឡើងនូវការប្រែប្រួលប្រវត្តិសាស្រ្តថ្មី នោះគឺការបើកផ្លូវលក់អាវុធ ឱ្យទៅវៀតណាម ដែលអាមេរិក បានបិទជាយូរមកហើយ។

អគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Pham Quang Vinh បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសង្គ្រាមនៅវៀតណាមនៅក្នុងរដ្ឋតិចសាស់ កាលពីដើមខែនេះថា «វៀតណាម បានជឿជាក់ថា រនាំងបាំងនៅក្នុងអតីតកាល គួរតែលុបបំបាត់ចោលទៅ ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរជាងពីរទសវត្សរ៍កន្លងមកនេះ»។

បើទោះបីជាពេលនេះ វៀតណាម មិនទាន់បានបញ្ជាក់ថាតើសព្វាវុធប្រភេទណាដែលខ្លួនត្រូវការទិញក៏ដោយ ក៏វៀតណាម ហាក់ដូចជាមានចំណាប់អារម្មណ៍ទៅលើយន្តហោះឈ្លបការណ៍ដែលអាមេរិក បានប្រើប្រាស់នៅក្នុងសមុទ្រចិនខាងត្បូង ដូចជាយន្តហោះ P-3 Orion និងយន្តហោះ C-130 Hercules។

ប្រសិនបើវៀតណាម ទិញយន្តហោះទាំងនេះមែន នោះអាមេរិក នឹងក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធថ្មីដល់ប្រទេសកុំម្មុយនីស្តនេះ ខណៈដែលរុស្ស៊ី គឺជាអ្នកលក់សព្វាវុធដ៏ធំរបស់វៀតណាម នូវសព្វាវុធមួយចំនួនដូចជា នាវាមុជទឹក Kilo-Class និងយន្តហោះចម្បាំង Sukhoi៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ