អាជ្ញាធរកាណាដា កាប់ដើមឈើកុំឱ្យភ្លើងឆេះព្រៃរាលដាល ប៉ុន្តែភ្លើងបែរជារាលដាលដល់...

May 19, 2016 09:42 AM 1041

គ្រោះមហន្តរាយនៃភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា នៅតែបន្តកើនឡើងខ្លាំងក្លាដដែល បើទោះបីជាអាជ្ញាធរបានព្យាយាមប្រើវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ក៏ដោយ។

ភ្លើងព្រៃបានឆេះឆួលនៅជិតក្រុង Fort McMurray ក្នុងរដ្ឋ Alberta កាលពីថ្ងៃអង្គារ និងបានគម្រាមដល់រោងចក្រផលិតប្រេងកាតដ៏ធំ ដែលត្រូវបង្ខំចិត្តជម្លៀសកម្មករជាង ៨ពាន់នាក់ចេញពីទីនោះ ហើយរោងចក្រនឹងត្រូវបិទ ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង ១លានបារែលក្នុងមួយថ្ងៃ។

អាជ្ញាធរបានកាប់ដើមឈើចេញ ដើម្បីបញ្ឈប់ការរាលដាលនៃភ្លើងឆេះព្រៃចូលមកក្នុងក្រុង Fort McMurray ប៉ុន្តែភ្លើងនោះបានរាលដាលទៅភាគខាងជើងនៃក្រុងនេះទៅវិញ ចូលទៅដល់តំបន់ប្រេងកាត ដែលធ្វើឱ្យកម្មកររោងចក្រផលិតប្រេងនៅតំបន់នោះ ត្រូវចាកចេញ។

គ្រោះមហន្តរាយនេះ បានប៉ះពាល់ទៅដល់សេដ្ឋកិច្ចកាណាដាយ៉ាងខ្លាំង ដោយបាត់បង់ផលិតកម្មប្រេងកាត និងខាតបង់ផលិតផលក្នុងស្រុកសរុប GDP ប្រមាណ ៧០លានដុល្លាកាណាដា ក្នុងមួយថ្ងៃ។

ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាននេះ បានគ្របដណ្តប់លើទំហំផ្ទៃដី ៣៥៥ ០០០ហិចតាហើយ។ វាបានដុតបំផ្លាញកន្លែងស្នាក់នៅរបស់កម្មកររោងចក្រប្រេងកាត ប្រមាណ ៦៥៥បន្ទប់ ដែលស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងជើងនៃក្រុង Fort McMurray និងបានគម្រាមកំហែងដល់ផ្ទះដទៃទៀត។

សីតុណ្ហភាពខ្ពស់ និងខ្យល់ខ្លាំង កំពុងបង្កការលំបាកយ៉ាងខ្លាំងដល់អ្នកពន្លត់អគ្គីភ័យ។ វាត្រូវបានគេព្យាករណ៍ថា នឹងរាលដាលទៅដល់ភាគខាងកើត ដោយវានឹងឆ្លងកាត់តំបន់ប្រេងសំខាន់ៗរបស់កាណាដា៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ