យន្តហោះអេហ្ស៊ីបដែលបានបាត់ខ្លួន អាចបណ្តាលមកពីការបំផ្ទុះគ្រាប់បែកភេវកម្ម

May 20, 2016 08:31 AM 342

វ៉ាស៊ីងតោនៈ ជើងហោះហើរ 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir ដែលផ្ទុកមនុស្សសរុប ៦៦នាក់ បាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងធ្វើដំណើរពីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ក្រុងគែរ ប្រទេសអេហ្ស៊ីបនោះ អាចនឹងធ្លាក់ចុះដោយសារតែការបំផ្ទុះគ្រាប់បែកភេរវកម្ម ដែលបានដាក់នៅលើយន្តហោះ នេះបើតាមមន្រ្តីអាមេរិក បានថ្លែងប្រាប់អ្នកយកព័ត៌មាន។

លោក Michael McCaul ប្រធានគណៈកម្មាធិការសន្តិសុខផ្ទៃក្នុងនៃសហរដ្ឋអាមេរិក បាននិយាយថា បើទោះបីជាវាមិនទាន់ច្បាស់លាស់នូវអ្វីដែលបានកើឡើងចំពោះយន្តហោះ ក្នុងពេលដែលមិនទាន់បានរកឃើញប្រអប់ខ្មៅនៅឡើយនោះ ក៏មានតម្រុយជាច្រើនបានបង្ហាញពីលទ្ធភាពនៃការវាយប្រហារភេរវកម្ម។

លោកបានពន្យល់ថា «ជាការពិតណាស់ វាប្រាកដជាមានការពាក់ព័ន្ធជាមួយនឹងភេរវកម្ម។ អ្វីដែលខ្ញុំអាចយល់បានគឺថា អាចនឹងមានភេរវករធ្វើការងារនៅក្នុងអាកាសយានដ្ឋានក្រុងប៉ារីស ឬក៏អាចមានគ្រាប់បែកដែលបានដាក់នៅលើយន្តហោះនោះរួចជាស្រេច។ វិទ្យុទាក់ទង ស្រាប់តែដាច់ភ្លាមៗ នោះអាចបង្ហាញថា យន្តហោះបានរងការបំផ្ទុះគ្រាប់បែក។»

មន្រ្តីក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យន្តហោះនោះបានបាត់បង់ការទាក់ទងគ្នាក្រោយពេលដែលវាបានចូលក្នុងដែនអាកាសអេហ្ស៊ីប បានប្រមាណ ១៦គីឡូម៉ែត្រ នៅវេលាម៉ោង ២ និង ៤៥នាទី ព្រឹកទាបភ្លឺ ថ្ងៃព្រហស្បតិ៍។

អាជ្ញាធរអាកាសចរណ៍អេហ្ស៊ីប បានបញ្ជាក់ថា បំណែកនៃយន្តហោះបាត់ខ្លួននេះ ត្រូវបានរកឃើញនៅជិតកោះ Karpathos នៃប្រទេសក្រិក ក្រោយពេលវាត្រូវបានរាយការណ៍ថា បានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ។ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានសហការគ្នាជាមួយក្រិក ដើម្បីស្វែងរកបំណែកយន្តហោះបន្ថែម។

តួលេខអំពីសញ្ជាតិអ្នកដំណើរ៦៦នាក់៖
៣០ នាក់ ពី អេហ្ស៊ីប
១៥ នាក់ ពី បារាំង
២ នាក់ ពី អ៊ីរ៉ាក់
១ នាក់ ពី ចក្រភពអង់គ្លេស
១ នាក់ ពី ប៊ែលហ្ស៊ិក
១ នាក់ ពី កាណាដា
១ នាក់ ពី កូវ៉ែត
១ នាក់ ពី អារ៉ាប៊ីសាអូឌីត
១ នាក់ ពី អាល់ហ្សេរី
១ នាក់ ពី ឆាដ (អាហ្វ្រិក)
១ នាក់ ពី ស៊ូដង់៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ