វៀតណាម ត្រូវរ៉ូវគ្នាជាមួយអាមេរិក ក្បត់មិត្តចាស់កូរ៉េខាងជើង

May 24, 2016 09:38 AM 7576

កិច្ចសហប្រតិបត្តិការសន្តិសុខគឺជាគន្លឹះដ៏សំខាន់រវាងអាមេរិក និងវៀតណាម ហើយភាគីទាំងពីរ ក៏បានសម្រេចរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើង ដែលជាមិត្តចាស់របស់ក្រុងហាណួយ ក្នុងសម័យសង្គ្រាមត្រជាក់។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ មានខ្លឹមសារថា «សហរដ្ឋអាមេរិក និងវៀតណាម កំពុងធ្វើការរួមគ្នាទប់ស្កាត់នឹងសកម្មភាពនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង និងរួមគ្នាអនុវត្តពេញលេញលើសេចក្តីសេចក្តីសម្រេចលេខ ២២៧០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។»

សេចក្តីសម្រេចនោះ បានអនុម័តកាលពីដើមខែមីនា ដែលរួមមានការហាមឃាត់ដាច់ខាតទៅលើសព្វាវុធប្រល័យលោក ដែលអាចនាំចេញពីកូរ៉េខាងជើង ដែលវៀតណាម បាននឹងកំពុងអនុវត្តទណ្ឌកម្មនេះយ៉ាងសកម្ម។

កាលពីចុងខែមេសា វៀតណាម បានបណ្តេញអ្នកការទូតកូរ៉េខាងជើងម្នាក់ ដែលជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក និងជាប់ការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អ្នកការទូតកូរ៉េខាងជើងរូបនោះ មានឈ្មោះថា Choe Sung II ដែលជាអ្នកទទួលខុសត្រូវក្នុងការលក់អាវុធមកតំបន់អាស៊ីអាគ្នេយ៍នោះ ត្រូវបាននិរទេសចេញពីវៀតណាមកាលពីថ្ងៃទី ២៣ ខែមេសា។ ក្រសួងរតនាគារជាតិអាមេរិក បានដាក់ឈ្មោះគាត់ចូលក្នុងបញ្ជីស្បែកខ្មៅ កាលពីចុងខែធ្នូ ឆ្នាំ ២០១៥ ហើយក៏បានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កាលពីមីនាកន្លងទៅ ដែលបានអនុញ្ញាតឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អាចបណ្តេញ ឬហាមឃាត់មិនឱ្យបុគ្គលនោះ នៅក្នុងប្រទេសខ្លួនបាន។

សេចក្តីថ្លែងការណ៍របស់សេតវិមាននោះ ក៏បានបញ្ជាក់ដែរថា អាមេរិក បានផ្តល់លុយច្រើនជាង ៤៥,៧លានដុល្លាអាមេរិក មកឱ្យវៀតណាម ចាប់តាំងពីឆ្នាំ ២០១៤មក ដើម្បីពង្រឹងសមត្ថភាពសន្តិសុខសមុទ្ររបស់វៀតណាម ក្នុងគោលបំណងទប់ទល់ជាមួយចិន។

អាមេរិក ក៏កំពុងពិចារណាផ្គត់ផ្គង់ នាវាល្បាត Metalshark ដែលមានប្រវែង ៤៥០ហ្វីត ចំនួន ១៨គ្រឿង បណ្តុះបណ្តាល និងពង្រឹងច្បាប់សមុទ្រ មកឆ្មាំសមុទ្រវៀតណាមផងដែរ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ