វៀតណាម រឹតបន្តឹងហ្វេសប៊ុក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ អូបាម៉ា

May 27, 2016 08:55 AM 347

រដ្ឋាភិបាលវៀតណាម បានរឹតបន្តឹងដល់ការប្រើប្រាស់ហ្វេសប៊ុក អស់រយៈពេលជាច្រើនថ្ងៃនៅក្នុងសប្តាហ៍នេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នេះបើតាមអង្គការពីរបាននិយាយ។

អង្គការសិទ្ធិឌីជីថល Official of Access Now និងអង្គការប្រជាធិបតេយ្យ Viet Tan បានអះអាងថា បណ្តាញសង្គមហ្វេសប៊ុក ត្រូវបានរឹតបន្តឹងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីថ្ងៃអាទិត្យ រហូតមកដល់ថ្ងៃពុធ។

នេះគឺជាសកម្មភាពមួយដែលមានភាពស្រដៀងគ្នាទៅនឹងប្រទេសមួយចំនួនដែលរឹតបន្តឹងកាប្រើប្រាស់ហ្វេសប៊ុក ក្នុងអំឡុងពេលមានព្រឹត្តិការណ៍នយោបាយដ៏រសើបដូចជាប្រទេសចិន អ៊ុយហ្គាន់ដា និងទួគី ជាដើម ខណៈដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមនេះ ប្រមាណ ១,៦ពាន់លាននាក់ហើយ។

ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ទៅកាន់វៀតណាម រយៈពេលបីថ្ងៃត្រូវបានបញ្ចប់នៅថ្ងៃពុធ។ ដំណើរនេះផ្តោតទៅលើការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតនោះ គឺការដកទណ្ឌកម្មនៃការលក់សព្វាវុធមកវៀតណាម។ លោកអូបាម៉ា ក៏បានផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសនេះផងដែរ។

អង្គការទាំងពីរនិយាយថា ការបិទហ្វេសប៊ុកនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលវៀតណាម ក្នុងការកំណត់ការប្រើប្រាស់បណ្តាញសង្គមរបស់សកម្មជនសិទ្ធិមនុស្ស ដើម្បីតវ៉ាប្រឆាំងនយោបាយ។

កាលពីដើមខែនេះ ហ្វេសប៊ុកត្រូវបានបិទជាច្រើនដង ខណៈដែលមានការផ្ទុះតវ៉ាតាមដងផ្លូវ ចំពោះគ្រោះមហន្តរាយបរិស្ថាន ដែលជាលទ្ធផលបានធ្វើឱ្យត្រឹដ៏ច្រើនបានងាប់៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ