វៀតណាម នឹងទិញយន្តហោះចម្បាំង F-16 ពីអាមេរិក

June 02, 2016 01:22 PM 10089

ក្រោយពេលដែលអាមេរិក ដកទណ្ឌកម្មលក់អាវុធចេញនោះ វៀតណាម កំពុងស្វែងរកបច្ចេកវិទ្យាយោធាដ៏ទំនើប ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ ថ្មីៗនេះ វៀតណាម បានបង្ហាញការចាប់អារម្មណ៍ក្នុងការទិញយន្តហោះចម្បាំង F-16 ពីអាមេរិក ដើម្បីល្បាតនៅក្នុងសមុទ្រចិនខាងត្បូង។

អ្នកជំនាញអាមេរិក អំពីកិច្ចការអាស៊ីបូព៌ា លោក Ralph Winnie បាននិយាយប្រាប់ Sputnik ថា យន្តហោះប្រយុទ្ធ F-16 Falcon ស្ថិតក្នុងបញ្ជីទំនិញយោធារបស់ក្រុងហាណួយ ហើយលោកបានពន្យល់ថា វៀតណាម ក៏មានមហិច្ឆតាកាន់តែខ្លំាងក្នុងការសហការពាណិជ្ជកម្មរយៈពេលវែងជាមួយអាមេរិកផងដែរ។

លោកបញ្ជាក់ថា វៀតណាម នឹងផ្តោតការអភិវឌ្ឍរួមគ្នាជាមួយអាមេរិក ដើម្បីធានាវឌ្ឍនភាពបច្ចេកវិទ្យា នៅក្នុងរយៈពេល ១០ ទៅ ២០ឆ្នាំបន្ទាប់។

ទោះបីជាទំនាក់ទំនងរវាងក្រុងហាណួយ និងក្រុងប៉េកាំងមានភាពរកាំរកូសយ៉ាងណាក្តី ក៏វៀតណាម បានព្យាយាមយកគម្រូតាមចិន ដូចជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធនយោបាយមជ្ឈិម ដែលនោះបានធ្វើឱ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ។ វៀតណាម ក៏កំពុងស្វែងរកការផ្លាស់ប្តូរបច្ចេកវិទ្យាមកពីលោកខាងលិចដែរ។

ការត្រូវរ៉ូវគ្នាជាមួយអាមេរិកវិញ ក៏ដោយសារតែឥទ្ធិពលរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាម បារម្ភខ្លាចបាត់ផលប្រយោជន៍របស់ខ្លួនដូចជា​ការនេសាទ និងការបូមយករ៉ែប្រេងកាត និងឧស្ម័នធម្មជាតិ ក្នុងតំបន់នេះ។ វាក៏បានធ្វើឱ្យវៀតណាម បង្កើនការចំណាយយោធាកាន់តែច្រើនឡើងដែរក្នុងមួយឆ្នាំៗ។

វៀតណាម បានចាយលុយ ២ពាន់លានដុល្លាអាមេរិក ក្នុងការទិញនាវាមុជទឹកពីរុស្ស៊ី និងយន្តហោះចម្បាំងមួយចំនួនធំ។ ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៣ ការចំណាយយោធារបស់វៀតណាម បានកើនឡើងទ្វេរដង៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ