កូរ៉េខាងជើង ទស្សន៍ទាយថានឹងមានសង្គ្រាមនៅក្នុងខែសីហា

June 17, 2016 10:25 AM 6107

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់សហរដ្ឋអាមេរិក ថាមានផែនការវាយប្រហារទុកជាមុន ហើយខ្លួនស្បថថានឹងតបតរវិញ ក្នុងករណីដែលមានការវាយប្រហារដូចជាសកម្មភាពនៃសង្គ្រាម។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់រដ្ឋការអូបាម៉ា ថាមានផែនការវាយប្រហារតាមផ្លូវអាកាស ដើម្បីកម្ទេចរោងចក្រនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលខ្លួនហៅថា ជាសង្គ្រាមដ៏គគ្លើនដោយគ្មានលាក់បាំង។

ភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ KCNA បានចេញផ្សាយថា អ្នកនាំពាក្យរូបនេះមានភស្តុតាងបញ្ជាក់ថា ក្រុងវ៉ាស៊ីងតោនកំពុងពិចារណា ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែក ដើម្បីកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលជាសង្គ្រាមមួយនៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យដដែលនេះបានអះអាងថា ការពិតដែលថាអាមេរិកកំពុងបើកកិច្ចពិភាក្សាអំពីប្រតិបត្តិការវាយប្រហារ គឺជាសញ្ញាមួយនៃការចាត់វិធានការដ៏តឹងរឹងបំផុត។ ការពិតនៃប្រតិបត្តិការនោះត្រូវបានធ្វើឡើងជាសាធារណៈ មុនលំហាត់សមយុទ្ធរួមគ្នារវាង អាមេរិក និងកូរ៉េខាងត្បូង ហើយសេណារីយ៉ូនៃសង្គ្រាមដ៏គ្រោះថ្នាក់ នឹងកើតឡើងនៅក្នុងខែសីហា ដែលគេមិនអាចមើលឃើញបានឡើយ។

នៅក្នុងរយៈពេលប៉ុន្មានខែនេះ ក្រុងព្យ៉ុងយ៉ាងបានរិះគន់អាមេរិក និងកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំ ដែលធ្វើនៅជិតព្រំដែនកូរ៉េខាងជើង មិនតែប៉ុណ្ណោះសមយុទ្ធនោះ បានហាត់សមពីរបៀបវាយប្រហារកូរ៉េខាងជើងទៀតផង។ ឆ្លើយតបមកវិញ ក្រុងព្យ៉ុងយ៉ាង ក៏បានធ្វើតេស្តមីស៊ីលបាលីស្ទីកជាបន្តបន្ទាប់ និងបានបង្កើតក្បាលគ្រាប់នុយក្លេអ៊ែ ដែលធ្វើឱ្យអង្គការសហប្រជាជាតិសម្រេចដាក់ទណ្ឌកម្មមកលើប្រទេសកុំម្មុយនីស្តមួយនះ៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ