កូរ៉េខាងជើង និងប្រទេសបីទៀត ត្រូវបានអាមេរិក ចាត់ទុកថា ជាអ្នកគម្រាមកំហែងមកលើខ្លួន

June 21, 2016 02:46 PM 863

វ៉ាស៊ីងតោនៈ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក អាស្តុន កាទ័រ បាននិយាយថាកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គឺមានសារៈសំខាន់ក្នុងការឆ្លើយតបចំពោះការគម្រាមកំហែងមីស៊ីល និងនុយក្លេអ៊ែ របស់កូរ៉េខាងជើង ដែលលោកបានចាត់ទុកថា គឺជាប្រទេសមួយនឹងបង្កបញ្ហាស្មុគ្រស្មាញបំផុតដល់អាមេរិក នាពេលបច្ចុប្បន្ននេះ។

នៅក្នុងការថ្លែងរបស់លោកនៅមជ្ឈមណ្ឌលសម្រាប់វេទិកាសន្តិសុខអាមេរិកថ្មីមួយ ក្នុងរដ្ឋធានីវ៉ាស៊ីងតោន បាននិយាយថា ការសម្របសម្រួលក្នុងចំណោមប្រទេសទាំងបីនេះ គឺមានសារៈសំខាន់ណាស់ ហើយដែលពួកគេមានផែនការធ្វើសមយុទ្ធប្រឆាំងមីស៊ីល ជាត្រីភាគីថែមទៀតផង។

លោក កាទ័រ បានសំដៅការធ្វើសមយុទ្ធនេះគឺជាលំហាត់កងទ័ពជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក ហៅថា RIMPAC។ ក្នុងការចូលរួមសមយុទ្ធនះ ប្រទេសនីមួយៗ ត្រូវចល័តនាវាពិឃាដ Aegis មួយគ្រឿង ដែលមានបំពាក់ជាមួយប្រព័ន្ធការពារមីស៊ីលបាលីស្ទីក។ សមយុទ្ធនេះគឺផ្តោតទៅលើការឃ្លាំមើល និងតាមដាន ការបាញមីស៊ីល ប៉ុន្តែមិនមែនបាញ់ស្ទាក់ទេ។

លោកបញ្ជាក់ថា ត្រូវតែពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីប្រឆាំងនឹងការរករឿងបង្កហេតុមីស៊ីល និងនុយក្លេអ៊ែ របស់កូរ៉េខាងជើង។

ក្រៅពីកូរ៉េខាងជើង លោក កាទ័រ បានរាប់បញ្ចូលប្រទេសបីទៀតដែលជាអ្នកគម្រាមកំហែងមកលើអាមេរិក រួមមាន រុស្ស៊ី ចិន និងអ៊ីរ៉ង់ រួមទាំងក្រុមរដ្ឋអ៊ីស្លាម ISIS៕

ដោយ៖ សំភី

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ