នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ជនជាតិវៀតណាមប្រុសស្រី៧នាក់មកស្នាក់នៅ ក្រុងប៉ោយប៉ែត

January 04, 2017 03:28 PM 146

បន្ទាយមានជ័យ ៖ នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅត្រួតពិនិត្យឆែកឆេរ រកជនជាតិបរទេសមករស់នៅធ្វើការងារខុសច្បាប់ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ។
នគរបាលអន្តោប្រវេសន៍បានត្រួតពិនិត្យរកឃើញជនជាតិវៀតណាមប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានប្រុស២នាក់ ស្រី ៥នាក់។ ពួកគេមកធ្វើការងារជាជាងសំណង់ និងជាអ្នក ម៉ាស្សាកោសជប់ ដោយមកស្នាក់នៅធ្វើការងារគ្មានលិខិត ឯកសារត្រឹមត្រូវលួចឆ្លងដែនមករស់នៅខុសច្បាប់ រងការ ចាប់ឃាត់ខ្លួននិងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីយកទៅចាត់ចែងតាមនីតិវីធីច្បាប់ អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា ។


លោកវរសេនីយ៍ឯក ឱ លន់ ស្នងការរងទទួលការងារ អន្តោប្រវេសន៍ប្រាប់ឱ្យដឹងថា ខេត្តបន្ទាយមានជ័យក្នុងរយៈ ពេលចុងក្រោយនេះ បានធ្វើការរិតបន្តឹងទៅលើជនបរទេស ដែលមកស្នាក់នៅនិងធ្វើការងារខុសច្បាប់នៅខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តន៍តាមបទបញ្ជា ផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីឱ្យជនបរទេសមក ធ្វើការងារ និងស្នាក់នៅក្នុងប្រទេសកម្ពុជា មានច្បាប់ទម្លាប់ ត្រឹមត្រូវ និងក៏ដើម្បីបង្ការទប់ស្កាត់អំពើភេវរកម្ម ពង្រឹងផ្នែក សន្តិសុខសណ្តាប់ធ្នាប់ ឱ្យមានភាពល្អប្រសើរឡើង តាម រយៈនៃការគ្រប់គ្រងជនបរទេសចេញចូលនិងមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។


លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ជនជាតិវៀត ណាមទាំង៧នាក់ខាងលើ ពួកគេក្រោយពីនគរបាលអន្តោ ប្រវេសន៍បានសាកសួរ និងបំពេញបែបបទតាមជំនាញេរួច ហើយ ក៏ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបែបបទ បណ្តេញចេញពី ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមវិញ ៕ 

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ