មន្រ្តីទំនាក់ទំនងជាន់ខ្ពស់នគរបាលអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានការបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ពីអគ្គស្នងការនគរបាលជាតិ

January 05, 2017 03:11 PM 98

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោក Gary winch Apm មន្រ្តីទំនាក់ទំនងជាន់ខ្ពស់នគរបាលអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងនគរបាល នៃប្រទេសទាំងពីរ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់នគរបាលជាតិកម្ពុជាកន្លងមក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។


នៅក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា អស់រយៈពេល៦ឆ្នាំ លោក Gary winch Apm បានមកបំពេញបេសកកម្មការងារនៅកម្ពុជា ក្នុងនាមន្រ្តីទំនាក់ទំនងជាន់ខ្ពស់នគរបាលអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកមានស្នាដៃច្រើនណាស់ក្នុងការជួយអភិវឌ្ឍន៍នគរបាលជាតិកម្ពុជាឲ្យមានរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងពេលបំពេញបេសកកម្មការងាររបស់លោកបានពង្រឹងថែមទៀតនូវទំនាក់ទំនង មិត្តភាព រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិអូស្រ្តាលី ពិសេសយើងបានកត់ត្រាទុកនូវស្នាដៃស៊ើបអង្កេត និងបង្រ្កាបបទឧក្រិដ្ឋរួមគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ក៏យើងមិនអាចកាត់ផ្តាច់បានអំពីទំនាក់ទំនងមិត្តភាពជួយគ្នារវាងកម្ពុជា និងអូស្រ្តាលី។ ដូច្នេះគ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោក Gary winch Apm នាពេលនេះ គឺជាចំណងដៃ ក៏ដូចជាថ្លែងអំណរគុណដែលលោកបានបំពេញបេសកកម្មការងារនៅកម្ពុជា។


ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់លោក Gary winch Apm ក៏ដូចជាលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អរវាងនគរបាល នៃប្រទេសទាំងពីរ លើការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការងារសន្តិសុខ និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបានជួយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កងកម្លាំងនគរបាលជាតិកម្ពុជា កន្លងមក។


ជាមួយគ្នានេះដែរ លោក Gary winch Apm ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានលើកទឹកចិត្តផ្តល់កិត្តិយសយ៉ាងធំធេង បំពាក់មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកនាពេលនេះ។ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិអូស្រ្តាលី ពិសេសបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះមន្រ្តីដែលបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

លោក Gary winch Apm បញ្ជាក់ថា ការដែលបានមកបំពេញបេសកកម្មការងារនៅកម្ពុជាអស់រយៈពេល៦ឆ្នាំមកនេះ លោកបានចាត់ទុកថាប្រទេសកម្ពុជា គឺជាគ្រួសារ និងជាផ្ទះរបស់លោក ហើយនៅពេលវេលាណាមួយសមរម្យលោកនឹងមកប្រទេសកម្ពុជាម្តងទៀត ៕

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ