ពលករខ្មែរប្រហែល២០នាក់ នាំគ្នាចូលជញ្ជូនឈើគ្រញូងចេញពីដីថៃ ត្រូវបានទាហានថៃស្ទាក់ព័ទ្ធចាប់បានម្នាក់ ចំណែកមួយចំនួនទៀតរត់គេចខ្លួនបាត់អស់

January 06, 2017 02:21 PM 104

ប្រទេសថៃ៖ ពលករខ្មែរប្រហែល២០នាក់ បាននាំគ្នាលួចឆ្លងដែនចូលដីថៃទាំងប្រថុយប្រឋាន ដើម្បីលីសែងឈើគ្រញូងចេញពីដីថៃនៅចំណុចឧទ្យានជាតិហាមឃាត់មួយកន្លែង ស្ថិតក្នុង ស្រុកខនបុរី ខេត្តណាក់ខនរាជសីម៉ា កាលពីវេលាម៉ោង៤អធ្រាត្រ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ គោលបំណងពួកគេលីសែងជញ្ជូនឈើគ្រញូងចូលក្នុងទឹកដីកម្ពុជាហើយ ត្រូវបានទាហានថៃធ្វើការឡោមព័ទ្ធស្ទាក់ចាប់ពលករខ្មែរទាំងនោះ។ក៏ប៉ុន្តែដោយពេលវេលាយប់ងងឹតពេក ទាហានថៃធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពលករខ្មែរបានតែមួយនាក់ប៉ុណ្ណោះ និងឈើគ្រញូងជាច្រើនដុំ។ ចំណែកបក្ខពួកដែលជាពលករខ្មែរមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

នេះបើយោងតាមការដកស្រង់ប្រភពព័ត៌មានចេញពីការសែតក្នុងប្រទេសថៃ។
ប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ករណីបង្ក្រាបពលករខ្មែរចូលលីសែងឈើគ្រញូងក្នុងដីថៃខាលើពុំមានសេចក្តីរាយការណ៍មកថាមានពលករខ្មែរណាម្នាក់ត្រូវបានទាហានថៃបាញ់សម្លាប់នោះទេ។មានពលករខ្មែរម្នាក់រងការឃាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះផេង ធួន ភេទប្រុស អាយុ២៥ឆ្នាំ គេមិនទាន់ស្គាល់ស្រុកកំណើតពលករខ្មែរនោះនៅឡើយនោះទេ គ្រាន់តែបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថៃថា ពួកគេចូលមកដីថៃ គឺចាប់តាំងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦មកម្លេះ តាមច្រកបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ឈមនិងខេត្តបន្ទាយមានជ័យ ដើម្បីលីសែងឈើគ្រញូងចេញដីថៃស្ថិតនៅចំណុចខាងលើ ដោយ ឈ្មួញខ្មែររកស៊ីឈើគ្រញូង សហការនិងឈ្មួញថៃជួលពួកគេ ឱ្យចូលមក ជញ្ជូនឈើគ្រញូងក្នុងដីថៃ។ក្នុខណៈដែលមានការឃាត់ខ្លួនទាហ៊ានថៃបានដកហូតឈើគ្រញូងចំនួន២៨ដុំ ស្មើនិងទឹកប្រាក់រាប់ម៉ឺនដូល្លា។បច្ចុប្បន្នពលករខ្មែររងការចាប់ឃាត់ខ្លួនត្រូវបានទាហ៊ានថៃបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការនៃប្រទេសថៃដើម្បីចាត់ការតាមផ្លូវច្បាប់ព្រៃឈើរបស់ថៃនោះហើយ។


សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃពីសំណាក់ពលករខ្មែរដើម្បីទៅកាប់ឈើគ្រញូង និងលីសែងឈើគ្រញូង កន្លងមកត្រូវគេមើលឃើញថា មានពលករខ្មែរខ្លះត្រូវបានទាហានថៃបាញ់សម្លាប់ និងចាប់ដាក់គុកជាបន្តបន្ទាប់។ពលករខ្មែរខ្លះក៏បានបាត់ខ្លួនផងដែរ ខណៈដែលថៃអនុវត្តនសការរិតបន្តិតទប់ស្កាត់បទល្មើសព្រៃឈើខុសច្បាប់។ការលួចឆ្លងដែនចូលកាប់ឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងរបស់ពលករខ្មែរ នោះដែរក៏ត្រូវគេរាយការណ៍ឱ្យដឹងថាឈ្មួញរកស៊ីឈើគ្រញូងខ្មែរ និងថៃបានសហការគ្នា ក្នុងនោះអាចមានការ បើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចការពារព្រំដែន កម្ពុជា-ថៃ ទើបពលករខ្មែរទាំងនោះបានលួចឆ្លងដែននិងដឹកជញ្ជូនឈើគ្រញូងឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល៕

ប្រភព: អង្គស្នងការដ្ឋាននគរបាលជាតិ

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ