ព្រះរាជអាជ្ញារងដឹកនាំកម្លាំងនគរបាល និងមន្ទីរសុខាភិបាល ចុះទៅបិទអាជីវកម្មផ្តល់សេវាព្យាបាលជម្ងឺទូទៅគ្លីនិកសែនសុខសាន្ត នៅក្រុងប៉ោយប៉ែត ក្រោយរងការចោទប្រកាន់ព្យាបាលអ្នកពស់ចឹកបណ្តាលឱ្យស្លាប់

January 11, 2017 03:32 PM 61

បន្ទាយមានជ័យ៖ គ្លីនិកទទួលព្យាបាលជម្ងឺទូទៅឯកជនមួយកន្លែងមានយីហោ សែន សុខសាន្ត ដែលមានទីតាំងស្ថិតនៅជាប់កំណាត់ផ្លូវជាតិ៥ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវ បណ្ឌិត បានដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត តំណាងប្រធានមន្ទីរសុខាភិបាល ខេត្តនិងអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះបិទទីតាំងបញ្ឆប់អាជីវកម្មផ្តល់សេវាសុខាភិបាល ជូនដល់អ្នកជម្ងឺនោះហើយ ។ ក្រោយគ្លីនិកមួយនេះរងការចោទប្រកាន់ព្យាបាលអ្នកជម្ងឺពស់ចឹកម្នាក់មានការធ្វេសប្រហែសបណ្តាលឱ្យស្លាប់ខណៈដែលជនរងគ្រោះបានទៅដេកសម្រាកព្យាបាលជម្ងឺនៅក្នុងគ្លីនិកមួយនេះអស់ពេលជិត៣ម៉ោងរួចហើយនោះ ។ ការចុះទៅបិទអាជីវកម្ម គ្លីនិកសែនសុខសាន្ត បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ពីសំណាក់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា ក្រោមការសម្រេចឱ្យបិទអាជីវកម្មទាំងស្រុងពីក្រសួងសុខាភិបាល ។ គ្លីនិកសែនសុខសាន្ត ដែលមានទីតាំងខាងលើ រងការបិទអាជីវកម្ម ត្រូវគេរាយការណ៍ឱ្យដឹងថា ជារបស់ លោក វេជ្ជបណ្ឌិត ឈុំ ម៉ុង ឆេង អតីតប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ បច្ចុប្បន្នជាមន្រ្តីការិយាល័យប្រតិបត្តិក្រុងប៉ោយប៉ែត ។

ពាក់ព័ន្ធនិងការចុះបិទអាជីវកម្មផ្តល់សេវាសុខាភិបាល របស់គ្លីនិក សែន សុខសាន្ត សេចក្តីរាយការណ៍ពីសមត្ថកិច្ច ឱ្យដឹងថា ម្ចាស់ទីតាំង មិនមានប្រតិកម្មអ្វីទៅនិងចំណាត់ការរបស់ ក្រសួងសុខាភិបាល ដែលមានលោកព្រះរាជ្ញារងដឹកនាំកម្លាំងចុះទៅបិទអាជីវកម្មនោះឡើយ ។ ប៉ុន្តែសេចក្តីរាយការណ៍ពីសមត្ថកិច្ចដដែលលួចបង្ហើបឱ្យដឹងទៀតថា ម្ចាស់ទីតាំង បានរត់ទៅភ្នំពេញ គេដាក់ការសង្ស័យ ទៅស្វែងរកការជួយអន្តរាគមន៍ពីអ្នកធំដែលធ្វើខ្នងបង្អែកនៅពីក្រោយ ។ ទោះបីយ៉ាងណាចំណាត់ការរបស់ស្ថាប័នអយ្យការត្រូវគេមើលឃើញថា បានធ្វើការបិទអាជីវកម្មទាំងស្រុងរបស់គ្លីនិកសែនសុខសាន្តនោះហើយ ។

ប្រជាពលរដ្ឋនិងមន្រ្តីរាជការនៅក្រុងប៉ោយប៉ែតគេរងចាំមើលថាតើចំណាត់ការនៃការបិទអាជីវកម្មផ្តល់សេវាសុខាភិបាលរបស់គ្លីនិកសែនសុខសាន្តរងការចោទប្រកាន់ព្យាបាលអ្នកជម្ងឺពស់ចឹកបណ្តាលឱ្យស្លាប់ពីសំណាក់ក្រសួងសុខាភិបាល មានប្រសិទ្ធភាពគ្រាន់តែបិទមួយដង្ហើមចង្រឹត រឺក៏បិទជាអចិន្ត្រៃយ៍នោះ ។ ចំណាត់ការរបស់ក្រសួងសុខាភិបាលបិទអាជីវកម្មគ្លីនិកឯកជនមានរឿងអាស្រូវ បែបនោះគឺប្រជាពលរដ្ឋមានការគាំទ្រ ហើយក៏ជាពេលវេលាដែលក្រសួងសុខាភិបាលបញ្ចេញកណ្តាប់ដៃដែកធ្វើជាគំរូក្នុងវិធានការ ម៉ឺងម៉ាត់ សម្រាប់គ្លីនិកឯកឯកជនដទៃទៀត ឱ្យមានការប្រុងប្រយ័ត្ន ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ធ្វើឡើងប្រកបដោយវិជ្ជាជីវៈនិងមានការទទួលខុសត្រូវខ្ពស់ ។ គ្រាដែលនៅខេត្តបន្ទាយមានជ័យ កន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងទៀតថា មានគ្លីនិកឯកជន និងគ្រូពេទ្យដើរព្យាបាលតាមផ្ទះ មួយចំនួនបានរងការចោទប្រកាន់ព្យាបាលអ្នកជម្ងឺស្លាប់ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែពាក់ព័ន្ធនិងការព្យាបាលអ្នកជម្ងឺស្លាប់ របស់គ្រូពេទ្យឯកជន នៅខេត្តបន្ទាយមានជ័យ ត្រូវគេនិយាយថាបានបិទបាំងព័ត៌មាន និងមានការសម្របសម្រួលក្រៅផ្លូវច្បាប់របស់គ្រួសារជនរងគ្រោះ និង គ្រូពេទ្យដែលបង្កនោះ ។

សូមរំលឹក ថាស្រ្តីរងគ្រោះម្នាក់ឈ្មោះ ម៉ា សុធា អាយុ ២៦ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានពស់វែកក្របីចឹកដៃខណៈស្រ្តីរងគ្រោះចាប់ពស់វែកចេញពីសំណាញ់ថង់ច្រកពស់បម្រុងធ្វើម្ហូបគ្រឿងក្លែមសម្រាប់លក់ ។ ក្រោយពស់មានពិសចុកនាងរួចហើយ នាងមានអាការៈជាធម្មតាបងប្អូនក៏ដឹកតាមម៉ូតូយកទៅព្យាបាលនៅគ្លីនិក សែន សុខសាន្ត នោះហើយ ។ ស្រ្តីរងគ្រោះបានដេកសម្រាកព្យាបាលមានរយៈពេលជិត២ម៉ោង គ្រូពេទ្យចាក់ថ្នាំនិងបានព្យួរសេរ៉ូមអស់ប្រហែល១កំប្លោងកន្លះ ។ ស្រាបតែនាងមានអាការៈក្អួតចង្អោរ ឡើងស្លេះចេញតាមមាត់ ។ បន្ទាប់មកគាំងបេះដូង ទើបឃើញគ្រូពេទ្យបាននាំគ្នាឆោឡោ យករថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយ​ប៉ែត ប៉ុន្តែនៅពេលដឹកអ្នកជម្ងឺដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ គ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកក្រុងប្រាប់ថាអ្នកជម្ងឺបានដាច់ស្លាប់បាត់ទៅហើយ មុនមកដល់មន្ទីរពេទ្យ ៕ ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយ៖ ធារ៉ា

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ