សមត្ថកិច្ចបញ្ជូនមេខ្យល់នាំស្រ្តីខ្មែរយកទៅលក់ធ្វើជាស្រ្តីបម្រើការមេផ្ទះនៅម៉ាឡេស៊ីទៅតុលាការ

September 01, 2017 09:31 AM 87

ភ្នំពេញ ៖ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនមេខ្យល់ ឈ្មោះ អ៊ុំ រ៉ាឌីន (ហៅ មាំ, ហៅ ម៉ាដាម, ហៅ ជោលី) ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅផ្ទះលេខ ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ទៅតុលាការដើម្បីចាត់ការតាម ផ្លូវច្បាប់ពាក់ព័ន្ធនឹងការនាំស្រ្តីខ្មែរចំនួន២៤នាក់ យកទៅលក់ធ្វើជា ស្រ្តីបំរើការមេផ្ទះនៅម៉ាឡេស៊ី។
បើតាមនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនល្មើសខាងលើនេះ បានធ្វើ សកម្មភាពឃោសនា បោកបញ្ជោត ដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំងចំនួន ២នាក់ ឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី និងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៣០០ទៅ៤០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ ដោយឡែកចំពោះសោហ៊ុយគ្រប់យ៉ាង ជនល្មើសជាអ្នកចំណាយទាំងអស់។
ប្រភពដដែលបានបញ្ជាក់ថា ដោយជឿតាមការឃោសនា បោក បញ្ជោត ជនរងគ្រោះទាំងអស់បានយល់ព្រមទៅតាម ហើយត្រូវ បានជនល្មើសរៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំទៅ ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១៤មក ដោយ បញ្ជូនជនរង គ្រោះតាមច្រកទ្វារអន្តរជាតិភ្នំពេញ និងប៉ោយប៉ែត ឆ្លងកាត់តាម ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី។
ប្រភពដដែល បានបន្តថា នៅពេលដែលទៅប្រទេសម៉ាឡេស៊ី ជនល្មើស បានប្រគល់ពលការិនីទៅឲ្យឈ្មោះ ហូ ជនជាតិម៉ាឡេស៊ី ដោយទទួលបានប្រាក់ក្នុងម្នាក់ៗចំនួន៦,០០០រីងហ្គីត ប្រហែល ១,៥០០ដុល្លារអាមេរិក ពីឈ្មោះ ហូ ហើយឈ្មោះ ហូ បានបញ្ជូន ជនរងគ្រោះឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះ ដោយធ្វើការ១៨ម៉ោង ក្នុងមួយថ្ងៃ និងគ្មានថ្ងៃសម្រាក។
ប្រភពដដែលបានបញ្ជាក់ទៀតថា ពលការិនីទាំងនោះ ត្រូវបាន សមត្ថកិច្ចកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ជួយសង្រ្គោះ និងបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងលោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបចាប់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ អ៊ុំ រ៉ាឌីន ភេទស្រី អាយុ ២៦ឆ្នាំ ដែលបាននាំស្រ្តីខ្មែរចំនួន ២៤នាក់ យកទៅលក់នៅ ប្រទេសម៉ាឡេស៊ី ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ