កងកម្លាំងនគរបាលទូទាំងប្រទេស ថ្កោលទោស ចំពោះទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ហើយគាំទ្រចំពោះការចាប់ខ្លួន

September 04, 2017 09:20 AM 301

ភ្នំពេញ ៖ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល និងពលនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញញត្តិថ្កោលទោស ចំពោះទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយគាំទ្រចំះពោះចំណាត់ការសមត្ថកិច្ច ក្នុងការចាប់ខ្លួនប្រធានបក្សប្រឆាំងរូបនេះ ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិមួយ ដែលលោកធ្វើតាមសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះជូនតុលាការ ដើម្បីចាត់ការបន្ត ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ