បើកម៉ូតូច្នៃអត់ភ្លើងបំភ្លឺបុកគោយន្តពីក្រោយរបួសធ្ងន់នៅស្រុកមោងឫស្សី

September 04, 2017 02:19 PM 317

បាត់ដំបង៖ យុវជនរងគ្រោះម្នាក់ ដែលជាអ្នកបើកបរម៉ូតូកែច្នៃ បានរងរបួសជាទម្ងន់ ដោយមានសភាពរយះសាច់នៅលើឆ្អឹងជំនីផង ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ បន្ទាប់ពីគេបានបើកបរម៉ូតូយ៉ាងលឿនក្នុងទីងងឹតហើយគ្មានភ្លើងបំភ្លឺផ្លូវ បានទៅបុកនឹងគោយន្តកន្ត្រៃចំពីក្រោយតែម្តង។
តាមការអះអាងពីលោក ឌឿន សម្បត្តិ អធិការរងនគរបាលស្រុកមោងឫស្សី បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៣ និង២៤៤ ខណៈមានម៉ូតូកែឆ្នៃមួយគ្រឿងមិនស្គាល់ម៉ាក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉េត ទីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី បានធ្វើដំណើរក្នុងទិសដៅពិកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយនឹងរ៉ឺម៉កគោយន្តពីក្រោយ ដែលកំពង់ធ្វើដំណើរស្របទិសគ្នា បណ្តាលអោយមុតធ្លុះត្រង់ឆ្អឹងជំនី និងដួលដេកនៅលើផ្លូវ។ ចំណែកអ្នកបើកបរគោយន្តដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។
លោកអធិការរង បានបន្តថា ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានយកយានជំនិះទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះផងដែរ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ