ច្រឡំជាន់ហ្គារស្មានថាហ្វ្រាំងជ្រុលបុកក្មេងស្លាប់ម្នាក់ របួសម្នាក់ នៅស្រុកកៀនស្វាយ

September 04, 2017 03:01 PM 353

កណ្ដាល៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្មេងប្រុស-ស្រី២នាក់ ខណៈកំពុងជិះកង់ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ស្ថិតក្នុងភូមិគគីរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្តបង្ករម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ពាក់ស្លាកលេខ ភ្នំពេញ 2AC-0667 បើកបរដោយឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ហុក ឆាយហេង អាយុ៩ឆ្នាំ (ស្លាប់) និងក្មេងស្រីរងគ្រោះម្នាក់ទៀតឈ្មោះ ហុក ណាលីស អាយុ១៣ឆ្នាំ (រងរបួសស្រាល)។ ក្មេងប្រុស-ស្រីទាំង២នាក់ខាងលើនេះ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សី បានឃើញរថយន្តបង្ករបើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានឈប់ហើយចតអែបចិញ្ចើមផ្លូវក្នុងគោលបំណងចុះទិញសម្ភារៈ ខណៈនោះអ្នកបើកបរពុំបានដោះលេខរថយន្តឲ្យដាច់អស់នោះទេ រួចយកជើងចេញពីហ្វ្រាំង ភ្លាមនោះស្រាប់តែរថយន្តរង្កិលទៅមុខ ក៏ស្ទុះទៅជាន់ហ្គារច្រឡំស្មានតែហ្វ្រាំង ជ្រុលទៅបុកក្មេងប្រុស-ស្រី២នាក់ដែលកំពុងជិះកង់ឌុបគ្នា បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ រីឯក្មេងស្រីម្នាក់ទៀតរងបួសស្រាល។
ប្រភពដដែលបន្ថែមទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងស្រីរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកអ្នកបើករ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែង យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសាកសពក្មេងប្រុសត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ