សមត្ថកិច្ចធ្វើសន្និសីទបង្ហាញមុខជនសង្ស័យសម្លាប់កូនស្រីបង្កើត និងឪពុកក្មេក និងការរៀបរាប់ហេតុការណ៍អំពើឃាតកម្មរបស់ខ្លួន

September 05, 2017 09:08 AM 348

ភ្នំពេញ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌទម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យជាឃាតកដែលបានប្រព្រឹត្តអំពើឃាតកម្មសម្លាប់កូនស្រីបង្កើត និងឪពុកក្មេកយ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយប្រើ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក កម្លាំងរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្វាយរៀង និងខេត្តកណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាឃាតកឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះជីដូនរបស់ជនសង្ស័យ ឋិតនៅភូមិទួលសុទិន ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កើល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះក្នុងករណីឃាតកម្មខាងលើមានឈ្មោះ ពេជ ចរិយា ភេទស្រី អាយុ២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កើល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ត្រូវជនដៃដល់សម្លាប់នៅបន្ទប់ជួលលេខ១០៩ ផ្លូវបេតុង ក្រុមទី៨ ភូមិសំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី២ឈ្មោះ ពេជ ជឿន ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ មានទីលំនៅភូមិទន្លៀង ឃុំរមាំងថ្កើល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ត្រូវជនដៃដល់សម្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ សម្ភារៈដែលសមត្ថកិច្ចចាប់យកបានមាន ខ្សែភ្លើងពណ៌ខ្មៅ ប្រវែង៦.២០ម៉ែត្រ និងលិខិតបណ្តាំមួយសន្លឹក ។

នៅចំពោះមុខការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ខ្លួនបានពឹងឲ្យម្តាយក្មេកជួយកោសខ្យល់នៅ លើគ្រែក្រោមផ្ទះ ។ ដោយមានអារម្មណ៍ចង់រួមរ័ក្ស ខ្លួនក៏បានយកដៃស្ទាបកំប៉េះគូថគាត់ ធ្វើឲ្យគាត់ភ្ញាក់ផ្អើលស្រែកឆោឡោរ ពេលនោះ ខ្លួនបានយកដៃច្របាច់ករបស់គាត់ ស្របពេលនោះ មានអ្នកជិតខាងមកដល់ ខ្លួនក៏ឈប់ច្របាច់ក រួចក៏បែករៀងៗខ្លួន ។

ជនសង្ស័យបន្តថា លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧និង០០នាទី ប្រពន្ធរបស់ខ្លួនបាននាំខ្លួនទៅសាលាឃុំរមាំងថ្កើលប្តឹងខ្លួនលែងលះ តែខ្លួនមិនចង់លែងលះទេ តែដោយគ្មានជម្រើស ខ្លួនក៏ផ្តិតមេដៃលែងលះគ្នា ដោយខ្លួនទាមទារយកកូនស្រីមកចិញ្ចឹម ហើយប្រពន្ធខ្លួនក៏បានយល់ព្រម ។ នៅថ្ងៃដដែល ម៉ោងប្រហែល១១និង០០នាទី ខ្លួន បាននាំកូនស្រីមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតនៅបន្ទប់ជួលលេខ១០៩ ផ្លូវបេតុង ក្រុម២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួនបានជិះរថយន្តទៅខេត្តស្វាយរៀងដើម្បីសុំប្រពន្ធរួមរួស ជាមួយគ្នាវិញ តែម្តាយក្មេក និងបងប្អូនខាងប្រពន្ធមិនយល់ព្រម ហើយដេញខ្លួនឲ្យឈប់មក ផ្ទះរបស់គាត់ទៀត ខ្លួនក៏ត្រឡប់មកភ្នំពេញវិញ ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩និង៣០នាទី ពេលឪពុកម្តាយបង្កើត របស់ខ្លួនមិននៅផ្ទះ ខ្លួនបានរៀបចំគម្រោងសម្លាប់កូនស្រីរបស់ខ្លួន ដោយយកខ្សែភ្លើងចងជារង្វង់សម្រាប់ទាក់ក ពេលកូនស្រីរបស់ខ្លួនកំពុងមើលទូរទស្សន៍ ខ្លួនបានយកខ្សែភ្លើងទៅទាក់កកូនស្រីរបស់ខ្លួន ទាញកន្ត្រាក់មួយទំហឹងចងភ្ជាប់នឹងចម្រឹងបង្អួច បណ្តាលឲ្យកូនស្រីរបស្ខ់លួនលេចលាមកដាច់ខ្យល់ស្លាប់តែម្តង ហើយខ្លួនបានស្រាយយកខ្សែភ្លើងនោះមកចងកសម្លាប់ខ្លួនឯង តែដោយតឹងកខ្លាំងពេក ខ្លួនបានរើបម្រាស់បណ្តាលឲ្យដាច់ខ្សែធ្លាក់មកដី ហើយក៏លែងមានចិត្តចង់សម្លាប់ខ្លួន ហើយចង់សងសឹកជាមួយគ្រួសារម្តាយក្មេករបស់ខ្លួនវិញ ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង០០នាទី ខ្លួនបានជិះរថយន្តឈ្នួលទៅខេត្ត ស្វាយរៀង ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខ្លួនបានឡើងទៅបន្ទប់ដែលឪពុកក្មេកខ្លួនសម្រាក ហើយខ្លួនបាននិយាយប្រាប់រឿងដែលខ្លួន និង ម្តាយក្មេកឈ្លោះគ្នាឲ្យឪពុក ក្មេករបស់ខ្លួនស្តាប់ និងប្រាប់ថា ខ្លួនមកទីនេះ គឺចង់សម្លាប់ម្តាយក្មេក ពេលនោះ ឪពុកក្មេក របស់ខ្លួនមិនឲ្យខ្លួននិយាយបន្តទេ កុំឲ្យខ្មាស់គេ និងបានខ្លួនជូនគាត់មកក្រៅបន្ទប់ និងឲ្យខ្លួន ជូនគាត់ទៅបន្ទប់ទឹកបត់ជើង ។ ពេលនោះ ខ្លួនគិតក្នុងចិត្តថា បើមិនបានសម្លាប់ម្តាយក្មេក ត្រូវតែសម្លាប់ឪពុកក្មេកចោល ដើម្បីឲ្យគាត់ព្រាត់ប្រាស់គ្នាវិញ ។ ដោយឃើញឱកាសល្អ ខ្លួនធ្វើសកម្មភាពច្របាច់កឪពុកក្មេក រួចចាប់ជ្រមុជក្បាលចូលចានបង្គន់ដែលមានទឹករហូតដល់ ដាច់ខ្យល់ស្លាប់តែម្តង ។

ពេលធ្វើសកម្មភាពរួចហើយ ខ្លួនបានដើរចេញពីមន្ទីរពេទ្យ ជិះរថយន្តឈ្នួលមកភ្នំពេញវិញ ម៉ោងប្រហែល១៧និង៥០នាទី ក៏បន្តជិះរថយន្តឈ្នួលទៅភូមិកំណើតនៅភូមិទួលសុទិន ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ពេលជិះរថយន្តមកដល់ចម្ងាយប្រហែល៧គីឡូម៉ែត្រពីភូមិកំណើតរបស់ខ្លួន ខ្លួនបានចុះពីលើរថយន្ត រួចដើរទៅដេកក្នុងព្រៃ ។ រហូតដល់ម៉ោងប្រហែល០៦និង៣០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួនបានដើរចេញពីព្រៃទៅផ្ទះពូ របស់ខ្លួន ឈ្មោះ ចក់ នៅក្នុងភូមិ ដើម្បីហូបបាយ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

ដោយ៖

អគ្គស្នងការដ្ឋាន​នគរបាលជាតិ

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ