កូរ៉េខាងជើងទំនងជាបានហេគចូលប្រព័ន្ធអ៊ីនធឺណេតយោធារបស់កូរ៉េខាងត្បូង

December 06, 2016 11:16 AM 162

 

សេអ៊ូល៖កូរ៉េខាងជើងទំនងជាបានហេគចូលទៅក្នុងបណ្តាញអ៊ីនធឺណេតបញ្ជាការយោធា របស់កូរ៉េខាងត្បូង នៅក្នុងអ្វីមួយដែលអាចជាការវាយប្រហារតាមអ៊ីនធឺណេត ចុងក្រោយ បង្អស់ប្រឆាំងនឹងទីក្រុងសេអ៊ូល នេះបើតាមប្រភពយោធាបាននិយាយកាលពី ថ្ងៃអង្គារ។
 
មន្ត្រីក្រសួងការពារជាតិបានប្រាប់សារព័ត៌មានយ៉ុនហាប់ថា វាហាក់ដូចជាថា ម៉ាស៊ីនមេអ៊ីនធឺណេត( internet server) របស់ទីបញ្ជាការយោធា មានឆ្លងមេរោគmalware។ ពួកយើងបានរកឃើញឯកសារយោធាខ្លះ រួមមានព័ត៌មានសម្ងាត់ ត្រូវបានគេហេគចូល។  គាត់បាននិយាយថា អាជ្ញាធរសង្ស័យកូរ៉េខាងជើង ជាអ្នកស្ថិតនៅក្រោយការជ្រៀតជ្រែក តាមអនឡាញចុងក្រោយបង្អស់នេះ។
 
បញ្ជាការយោធា បាននិយាយថា ខ្លួនបានដាក់ឲ្យនៅដាច់ដោយឡែក ម៉ាស៊ីនមេ ដែលឆ្លងមេរោគចេញពី network ទាំងអស់ ដើម្បីបញ្ចៀសពីការរាលដាលមេរោគ។ ប៉ុន្តែខ្លួនមិនបានកំណត់ច្បាស់ថាទិន្នន័យណាខ្លះត្រូវបានបែកធ្លាយនោះទេ។
វាជាការលើកទីមួយហើយដែលទិន្នន័យរបស់បញ្ជាការយោធាតាមអ៊ីនធឺណែត របស់កូរ៉េខាងត្បូង ត្រូវបានគេចូលជ្រៀតជ្រែកបាន។
 
កូរ៉េខាងត្បូងបានបង្កើតបញ្ជាការនេះកាលពីខែមករាឆ្នាំ២០១០ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងការប៉ុនប៉ងចូលហេគពីខាងក្រៅទៅលើយោធារបស់ប្រទេសនេះ។
 
កូរ៉េខាងជើង ដែលមានក្រុមជំនាញវាយប្រហារតាមអ៊ីនធឺណេតរាប់ពាន់នាក់ មានកំណត់ត្រាតាមដានមួយពីការវាយប្រហារតាមអ៊ីនធឺណេតមកលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ទោះជាយ៉ាងណា កូរ៉េខាងជើងបានបដិសេធថាមិនមានការពាក់ព័ន្ធនោះទេ។
កាលពីដើមឆ្នាំនេះ កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងពីបទលួចព័ត៌មានពីមន្ត្រីកូរ៉េខាងត្បូងប្រហែលជា១០នាក់ ដោយការហេគចូលទៅលើស្មាតហ្វូនរបស់ពួកគេ។
លោក Kim Jin-pyo ដែលជាសមាជិកសភាក្នុងគណកម្មការការពារជាតិ បាននិយាយថា កូដមេរោគ ត្រូវបានគេកំណត់អត្តសញ្ញាណបាន ហើយវាទំនងជាទាញប្រយោជន៍ចេញពីម៉ាស៊ីន server ដែលឆ្លងមេរោគ។
 
យោងទៅតាមប្រភពមួយថា មានលទ្ធភាពដែលអ៊ីនត្រាណេតរបស់យោធា អាចត្រូវបានគេសម្របសម្រួល ដោយសារតែការហេគ ដែលអាចបង្ខំឲ្យកូរ៉េខាងត្បូងសរសេរផែនការប្រតិបត្តិការយោធារបស់ខ្លួនសារជាថ្មី៕

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ