សមាជិកពីឡុតកងទ័ពកូរ៉េខាងត្បូងចុចប៊ូតុងច្រឡំ ខាតបង់អាវុធក្នុងតម្លៃជិត៥លានដុល្លា

January 05, 2017 11:13 AM 530

 

សេអ៊ូល៖ យន្តហោះកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងបានទម្លាក់មីស៊ីលប្រឆាំងនាវាដោយអចេតនា និងអាវុធប្រភេទផ្សេងៗទៀតចូលទៅក្នុងសមុទ្រកាលពីថ្ងៃអាទិត្យ ទោះជាយ៉ាងណា ឧប្បត្តិហេតុនេះមិនបានបណ្តាលឲ្យមានការខូចខាតដល់ជនស៊ីវិលនោះទេ នេះបើតាមប្រភពយោធាបានឲ្យដឹង។
 
កងទ័ពជើងទឹកនិយាយថា យន្តហោះឈ្លបយកការណ៍លើសមុទ្រនិងជាយន្តហោះប្រឆាំងនាវាមុជទឹកម៉ាស៊ីនបួន ប្រភេទ P-3CKមួយគ្រឿង ត្រូវបានគេរាយការណ៍មកថា បានទម្លាក់មីស៊ីល Harpoon ៣គ្រាប់ torpedoមួយគ្រាប់ និងគ្រាប់បែកប្រឆាំងនាវាមុជទឹក ខណៈដែលកំពុងបំពេញបេសកកម្មជាប្រចាំមួយនៅសមុទ្រខាងកើត។
សមាជិកពីឡុតម្នាក់បានចុចដោយអចេតនាទៅលើប៊ូតុងបញ្ចេញអាវុធក្នុងពេលមានអាសន្ន នៅម៉ោងប្រហែលជា៦.១០នាទីព្រឹក នេះបើតាមប្រភពផ្លូវការ។ អាវុធទាំងនោះបានធ្លាក់ចូលទៅក្នុងទឹកចម្ងាយ៣០ម៉ៃលនៅឆ្នេរ Yangyang ភាគខាងកើត។
 
 
 
គាត់បាននិយាយថា មានទូកនេសាទមួយគ្រឿងនៅតំបន់នោះ ប៉ុន្តែវាមិនបានបង្កការខូចខាតអ្វីទេ។  
កងទ័ពជើងទឹកបាននិយាយថា អាវុធទាំងនោះមិនបានបាញ់ចេញទេ ពេលដែលបានបញ្ចេញនោះ ដូច្នេះមានគ្រោះថ្នាក់តិចតួចទៅលើពួកគេ ពេលដែលផ្ទុះដោយអចេតនា។
គេបាននិយាយថា ក្រុមបោសសម្អាតមីន និងនាវាសង្គ្រោះត្រូវបានបញ្ជូនទៅទីនោះដើម្បីរុករកអាវុធទាំងនោះ។
អាជ្ញាធរនិយាយថា គេមិនដែលឃើញមានបញ្ហាគ្រឿងម៉ាស៊ីន ដែលបង្កឲ្យមានការបញ្ចេញអាវុធដែលយន្តហោះ P-3CK ដែលល្បាតជាប្រចាំនោះទេពីមុនមក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យដិតដល់មួយនឹងត្រូវធ្វើឡើងទាក់ទងទៅនឹងប្រតិបត្តិការនានាដើម្បីធានាថាឧប្បត្តិហេតុបែបនេះនឹងមិនកើតមានម្តងទៀតនាពេលអនាគតទេ។
 
ប្រភពព័ត៌មានពីគេហទំព័រ popularmechanic បានឲ្យដឹងថា អាវុធដែលខាតបង់នោះមានតម្លៃជាទឹកប្រាក់ប្រមាណជា៥លានដុល្លា។ មីស៊ីលប្រភេទ Harpoon ផលិតដោយសហរដ្ឋអាមេរិក ដែលតម្លៃវាក្នុងមួយគ្រាប់ ប្រហែល១.៣លានដុល្លា។ មីស៊ីលHarpoon នេះជាប្រភេទមីស៊ីលកំទេចនាវាដែល បាញ់បានចម្ងាយ៦៧ម៉ៃល៍ និងមានភ្ជាប់ជាមួយនឹងក្បាលគ្រាប់ទម្ងន់៤៨៨ផោន៕
 

ដោយ៖ សុគន្ធ

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ