មានធ្លាប់ឆ្ងល់ទេថា ហេតុអីបានជាព្រះច័ន្ទភ្លឺ?

August 07, 2017 01:42 PM 497

តើអ្នកដឹងទេថា ផែនដីអាចនឹងក្លាយជាកន្លែងដ៏គួរឱ្យសង្វេគមួយប្រសិនបើគ្មានពន្លឺដ៏ចាំងចែងពីអ្នកជិតខាង គឺព្រះអាទិត្យ។ ប៉ុន្ដែ តើអ្នកដឹងទេថាព្រះច័ន្ទក៏មិនអាចជួយអ្វីបានដែរប្រសិនបើគ្មានកាំរស្មីព្រះអាទិត្យ?

ព្រះច័ន្ទភ្លឺដោយសារផ្ទៃរបស់វាចាំងផ្លាតពីពន្លឺព្រះអាទិត្យ។ ហើយ ថ្វីបើការពិតពេលខ្លះវាហាក់ដូចជាភ្លឺខ្លាំងណាស់ក៏ដោយ ប៉ុន្តែព្រះច័ន្ទផ្លាតពីពន្លឺព្រះអាទិត្យក្នុងចន្លោះពី ៣ទៅ១២ភាគរយ ប៉ុណ្ណោះ។ ពន្លឺរបស់ព្រះច័ន្ទដែលមើលឃើញពីក្នុងភពផែនដីគឺអាស្រ័យលើកន្លែងដែលព្រះច័ន្ទស្ថិតនៅក្នុងគន្លងរបស់វានៅជុំវិញផែនដី។ ព្រះច័ន្ទ ធ្វើដំណើរមួយជុំផែនដីរៀងរាល់ ២៩.៥ ថ្ងៃ ហើយកំឡុងរយៈពេលនៃកាធ្វើដំណើរពន្លឺរបស់វាប្រែប្រួលអាស្រ័យលើមុំរបស់ព្រះអាទិត្យ។

ចលនានៃព្រះច័ន្ទវិលជុំវិញផែនដី និងភាពតំណាលគ្នានៃផែនដីវិលជុំវិញព្រះអាទិត្យនេះហើយជាហេតុដែលធ្វើឱ្យព្រះច័ន្ទមានរូបរាងខុសៗគ្នា (ព្រះច័ន្ទពេញវង់ ឬព្រះច័ន្ទមួយចំណិត)។ ពេលដល់ចំណុចណាមួយដែលត្រូវបានកំណត់ក្នុងគន្លងរបស់ព្រះច័ន្ទដែលវិលជុំវិញផែនដី ផ្ទៃរបស់វាមួយចំហៀងនឹងបែរមុខទៅព្រះអាទិត្យ ដូច្នេះហើយទើបមានតែមួយចំហៀងប៉ុណ្ណោះដែលភ្លឺ។ មួយចំហៀងទៀតបែរមុខចេញពីព្រះអាទិត្យហើយក៏ក្លាយជាស្រមោល។

ព្រះច័ន្ទភ្លឺបំផុតនៅពេលដែលវាមានចម្ងាយ ១៨០ដឺក្រេ ពីព្រះអាទិត្យ។ នៅពេលនេះ ផ្ទៃមួយចំហៀងទាំងស្រុងរបស់ព្រះច័ន្ទដែលបែរមុខទៅព្រះអាទិត្យត្រូវបានបំភ្លឺ និងអាចមើលឃើញយ៉ាងច្បាស់ពីក្នុងផែនដី។ នេះហើយជាអ្វីដែលត្រូវគេហៅថា (full moon) ឬព្រះច័ន្ទពេញវង់។

ឯ (new moon) ព្រះច័ន្ទដែលយើងមើលឃើញតែមួយចំណិត គឺជាពេលដែលព្រះច័ន្ទស្ថិតនៅចន្លោះព្រះអាទិត្យ និងផែនដី។ ដូច្នេះហើយ ផ្នែកនៃព្រះច័ន្ទដែលមានពន្លឺផ្លាតពីព្រះអាទិត្យគឺបែរមុខចេញពីផែនដី។

នៅថ្ងៃដែលមានព្រះច័ន្ទមួយចំណិត (new moon) យើងនឹងឃើញចំណិតដ៏តូចមួយរបស់ព្រះច័ន្ទផ្លាតពីពន្លឺព្រះអាទិត្យ។ ហើយ ក្នុងអំឡុងពេលនោះផ្ទៃផ្សេងទៀតនៃព្រះច័ន្ទមានពន្លឺព្រឿងៗបុណ្ណោះ។ ផ្នែកដែលងងឹតមិនភ្លឺដូចព្រះច័ន្ទមួយចំណិត គឺជាលទ្ធផលនៃអ្វីដែលអ្នកវិទ្យាសាស្ដ្រហៅថា “ពន្លឺផែនដី” ដែលផ្នែកងងឹតនោះត្រូវបានបំភ្លឺតិចតួចមែនទែនដោយពន្លឺព្រះអាទិត្យដែលផ្លាតចេញពីផែនដី ហើយយើងក៏មិនអាចមើលឃើញដែរ៕

 

 

livescience

ដោយ៖ ដាឡែន

My Lekha

ព័ត៌មាន​តាមប្រតិទិន
ព័ត៌មានថ្មីៗ